សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីបង្ខាំងជំរិតទារប្រាក់ ជនជាតិចិនដូចគ្នា នៅផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរកាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហន។ ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរយាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរយាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែកជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ លិខិតឆ្លងដែនលេខៈ E87002497 មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ហើយជនរងគ្រោះ មានរងរបួស៖ បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយត្រូវជនសង្ស័យដាក់ខ្នោះដៃ ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ), សោរដោះខ្នោះដៃចំនួន ០២, រថយន្ត ០២គ្រឿង៖ ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799 (មធ្យោបាយប្រព្រឹត្តបទល្មើស)។ និងម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ភ្នំពេញ 2BB-0150 (មធ្យោបាយប្រព្រឹត្តបទល្មើស)។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Wen ShangQian ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា កំពុងចេញធ្វើដំណើរទៅកំពង់ផែ ដោយមានរថយន្ត ០១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងឈឹង រហូតដល់វេលាម៉ោង២១ ថ្ងៃដដែលនេះ មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa បានវីឆាតមកខ្ចីប្រាក់ចំនួន ៨,០០០Yuan (ប្រាំបីពាន់យាន់) បានប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែសុំខ្ចីបន្ថែមចំនួន ៦,០០០$ (ប្រាំមួយពាន់ដុល្លារអាមេរិក) ទៀត តែគាត់មិនបានវេរអោយទេ។ លុះក្រោយមកជនសង្ស័យបានយកទូរស័ព្ទដៃជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះនៅប្រទេសចិន ជំរិតទារប្រាក់ចំនួន ២០០,០០០Yuan (ម្ភៃម៉ឺនយាន់) ដោយដឹងថា ជនរងគ្រោះត្រូវបានគេចាប់ជំរិត គាត់ក៏មកប្តឹងសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង