ឧកញ៉ា ទៀ វិចិត្រ ដឹកនាំក្រុមសង្គ្រោះ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ចុះជួយស្វែងរកយុវជនម្នាក់ លិចទូកក្នុងលម្ហសមុទ្រ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) សហការជាមួយអាជ្ញាធរ និងសមត្ថ​កិច្ច​ចម្រុះ ដើម្បីស្វែងរកជនរងគ្រោះម្នាក់ ដែលបាត់ខ្លួន ក្រោយលិចទូកនេសាទ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សមត្ថកិច្ចស្រុកស្ទឹងហាវ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ច និងក្រុមសង្គ្រោះ នៅមិនទាន់​រកឃើញ​នៅឡើយទេ​។

អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានឲ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃទី១៥ ខែកញ្ញា សមត្ថកិច្ចនិងក្រុមសង្គ្រោះ ដែលមានការចូលរួមពីក្រុមអ្នមុជទឹក នៃអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារសង្គ្រោះក្រុមហ៊ុន G.T.V.C ដឹកនាំចុះផ្ទាល់ ដោយលោកឧកញ៉ា ទៀ វិចិត្រ ផងនោះ ​បានចូលរួមលើការងារស្វែងរកជនរងគ្រោះខាងលើនេះដែរ។ ក្នុងនោះ ក៏មានចល័ត​អូប័រ ដើម្បីស្វែងរកជនរងគ្រោះ នៅក្នុងលម្ហសមុទ្រ និងមុជទឹក ​ខណៈធាតុអាកាសនៅ​មានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

សុំបញ្ជាក់ថា ទូកនេសាទតូចមួយគ្រឿង បានលិច នៅចំណុចចុងអូរ ប្រមាណ ១០០ម៉ែត្រ ពីដីគោក ក្នុងសមុទ្រឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីពេលរសៀលថ្ងៃទី១៤ ខែកញ្ញា​។ ហើយមានមនុស្សចំនួន ០២នាក់​ ត្រូវជាឪពុក​កូន បានជិះនៅលើទូកនោះ។ ហើយនៅពេលទូកលិច ឪពុកបុរសបាត់ខ្លួនឈ្មោះ មាឃ សៀក អាយុ ៤៧ឆ្នាំ មុខរបរនេសាទ បានហែលទឹករួច មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែកូនប្រុសឈ្មោះ ស៊ន មករា (ហៅឧត្តម) អាយុ ១៤ឆ្នាំ បានបាត់ខ្លួន នៅក្នុងទឹកសមុទ្រ រកមិនទាន់ឃើញទេ។

សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះទាំង ០២នាក់ គឺជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​៕

អត្ថបទដែលជាប់ទាក់ទង