អភិបាលខេត្តព្រះសីហនុ ដឹងនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យ​អាងប្រព្រឹត្តិកម្ម ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាព

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចុះត្រួតពិនិត្យមើលអាងប្រព្រឹត្តិកម្មនេះ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។ ហើយអាងនេះ បានដំណើរការដោយជោគជ័យ ក្នុងការចម្រោះទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថាន មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

នាឱកាសនោះ លោក គួច ចំរើន ​បញ្ជាក់ថា រាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកាក្នុងការស្ថាបនាអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ទីតាំង ក្នុងនោះ២ ទីតាំងបានស្ថាបនារួចរាល់ និងកំពុងដាក់ឱ្យដំណើរការ ដោយអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ ហើយអាងប្រព្រឹត្តកម្មទី៣ នឹងសម្ពោធបើកការដ្ឋានស្ថាបនា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ដែលមានទីតាំងនៅអតីតព្រះរាជដំណាក់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណជាង ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។

លោក គួច ចំរើន បានបន្តថា ក្រោយពីបំលែងទឹកកខ្វក់មកជាទឹកស្អាត ដោយឆ្លងកាត់អាងប្រព្រឹត្តិកម្មរួចមក ទឹកនេះមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ ហើយក្រុមហ៊ុន ក៏បានធ្វើតេស្តសាកល្បងដោយដាក់ត្រីក្រឹម ឱ្យហែលប្រលែងគ្នា ហើយត្រីទាំងអស់មានសុវត្ថិភាព មិនមានផលប៉ះពាល់អ្វីឡើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំដល់ម្ចាស់សណ្ឋាគារពាក់ព័ន្ធ ត្រូវភ្ជាប់ការប្រើប្រាស់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានគ្រប់ៗគ្នា ចូលរួមថែរក្សាអនាម័យបរិស្ថាន ធ្វើឱ្យទីក្រុង របស់យើង​ស្អាត និងមានភាពបៃតង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង