ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ អាងប្រព្រឹត្តកម្មទី៣ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងអ្នកស្រី នៅព្រឹក​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ អាងប្រព្រឹត្តកម្មទី៣ (PS3) ​មានទីតាំងនៅអតីតព្រះរាជដំណាក់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងពិធីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី ជាម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ ក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុបច្ចុប្បន្ន មានទាំងសំណង់ លំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ប្រជាពលរដ្ឋមានការកើនឡើង ហើយការបំពុលបរិស្ថាន ការបង្ហូរកាកសំណល់រាវផ្សេងៗ ចូលទៅសមុទ្រដោយផ្ទាល់ ដែលជាហេតុបង្កឱ្យមានការប៉ះពាល់ ដល់សុខុមាលភាព បាត់សោភណភាព បរិស្ថាន នៅក្នុងក្រុងក៏ដូចជានៅតំបន់ឆ្នេរជាដើម។

ផ្តើមពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ជាប្រមុខដឹកនាំ ក៏បានទម្លាក់កញ្ចប់ថវិកា ក្នុងការស្ថាបនាអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ទីតាំង។ ក្នុងនោះ២ ទីតាំងបានស្ថាបនារួចរាល់ និងកំពុងដាក់ឱ្យដំណើរការ ដោយអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៥.២០០ ម៉ែត្រគូប ក្នុង ​១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ ហើយអាងប្រព្រឹត្តកម្មទី៣ (PS3) ដែលកំពុងបើកការដ្ឋានស្ថាបនានេះ សាងសង់លើផ្ទៃដីទំហំ១,១២ ហិកតា មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណជាង ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។

ទន្ទឹមនឹងនោះ លោក គួច ចំរើន បានស្នើដល់ក្រុមអ្នកវិនិយោគទុន ជាម្ចាស់សណ្ឋាគារនៅក្នុងខេត្ត ដែលបានអញ្ជើញ​ចូលរួមក្នុងពិធីនេះ ឱ្យចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការសហការតភ្ជាប់អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ នៅតាមសណ្ឋាគាររបស់ខ្លួន ជាផ្នែកមួយយ៉ាងសំខាន់ នៃការចូលរួមសំអាតបរិស្ថានទាំងអស់គ្នា និងមិនមានផលប៉ះពាល់ដល់ទឹកសមុទ្រ ប្រសិនបើនៅតាមសណ្ឋា​គារ​នីមួយៗតភ្ជាប់ ជាមួយអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ទាំង៣ទីតាំងនេះ មុននឹងបង្ហូរចូលក្នុងសមុទ្រ គឺខេត្តយើងនេះលេងព្រួយបារម្ភពីផលប៉ះពាល់ដល់ បរិស្ថាន និងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត ដើម្បីធ្វើការលំហែកាយ និងហែលទឹកសមុទ្រលេង ដោយមិនព្រួយបារម្ភ ពីបញ្ហាទឹកកខ្វក់ទៀតផងដែរ៕ ដោយ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង