សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ​៦ឆ្នាំ​ដល់​១២ឆ្នាំ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ​​ទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ជាមួយ​ការប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ០៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗ របស់សម្តេចតេជោ និងចៅៗ របស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត បានមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។

ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ០៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំ ក្នុងសង្គមឱ្យកាន់តែធំ ដែលអាចឈានទៅបើកលំហរសកម្មភាព​ ក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗ អាចចូលរៀននៅសាលាឡើងវិញ។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះ កម្ពុជា ស្ថិតនៅក្នុងប្រទេស ដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ខណៈដែលស្ថានភាពកូវីដ-១៩ នៅលើពិភពលោក មិនទាន់មានការថមថយនៅឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជាថ្មីម្តងទៀតថា សម្តេច មិនចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចទេ គឺត្រូវចាក់ស្រោចវ៉ាក់សាំងតែម្តង ទើបមានភាពស៊ាំក្នុងសហគមន៍ ដែលមានន័យថា ស្រោចកន្លែងណា គឺត្រូវស្រោចឱ្យជោគតែម្តង។

សម្តេចតេជោ ​មានប្រសាសន៍បន្តថា យើងមានវិធានការ ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២ ការចាក់វ៉ាក់សាំង និងទី៣ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ។

សម្តេចបន្ថែមថា គោលការណ៍បើកសាលាឡើងវិញ រួមមានទី១ នៅតាមជនបទដែលមានហានិភ័យទាប ទី២ នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ទី៩ ដល់១២, ទី៣ នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញ, ទី៤ ត្រូវបង្កើតគណៈកម្មការតាមដាន ទី៥ បន្តត្រួតពិនិត្យអ្នកជំងឺថ្មី កុំឱ្យឆ្លងចូលសាលារៀន។

សម្តេចតេជោ ហ៊ុន សែន ​មានប្រសាសន៍ទៀតថា ការបើកអ្វីៗឡើងវិញក្រោយថមថយកូវីដ ត្រូវចាប់ផ្តើមពីដំបូងវិស័យអប់រំ បន្ទាប់មកគឺវិស័យសេវា ដែលវិស័យសេវាត្រូវធ្វើ២ជំហាន ដោយជំហានទី១ បើកទេសចរណ៍ ក្នុងស្រុក ជំហាន​ទី២ គឺទេសចរណ៍វ៉ាក់សាំង។

សម្តេចតេជោ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ពេលខាងមុខ អ្នកចាក់វ៉ាក់សាំងគ្រប់អាចចូលមកកម្ពុជា បាន ប៉ុន្តែអាចធ្វើចត្តាឡីស័ក នៅក្របខណ្ឌមូលដ្ឋានខេត្តនោះ ០៧ថ្ងៃ ដោយមិនឱ្យឆ្លងទៅខេត្តដទៃ។​ កម្ពុជាសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំង សិក្សាអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ទៅ ០៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់ នៅកម្ពុជា ខណៈដែលពួកគេ ត្រូវចូលរៀនថ្នាក់មត្តេយ្យផងដែរ។ នៅថ្ងៃនេះ​ដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសរួមគ្នាតែម្ដងជាមួយនឹងការចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុចាប់ពី ០៦ ឆ្នាំដល់១២ ឆ្នាំ និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីពេលនេះតទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង