ផ្សព្វផ្សាយ “ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន” នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖​ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីព្រឹកថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២១ បានរៀបចំកម្មពិធីផ្សព្វផ្សាយស្តីពី “ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន” ជូនដល់អ្នកផ្ទុកមេរោគអេដស៍​ចំនួន ១៧នាក់ រស់នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

នៅក្នុងឱកាសនោះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអានរបាយការណ៍ នៃស្ថិតិប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមាន ប្រជាពលរដ្ឋសរុបចំនួន ១០៣.១២៦នាក់ ដោយក្នុងនោះ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤៨៧នាក់ (ស្រី ២៧៨នាក់)។

ដោយឡែក លោក​ គួច​ ចំរេីន​ ដែលជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ​ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា​ខេត្ត ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនងាយរងគ្រោះ ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។

ជាមួយគ្នានោះ លោក​ គួច​ ចំរេីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់ រក្សាអនាម័យជាប្រចាំ  ហើយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងជួយបន្ត​ផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ដល់សាធារណជន​​ ដេីម្បីចូលរួមទទួលខុសត្រូវ ក្នុងការទប់ស្កាត់ និងលុបបំបាត់ការចម្លងមេរោគអេដស៍​ និងស្វាយពីម្តាយទៅកូន​ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ខាងមុខ។

ជំនួយផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ខាងលើរួមមាន៖ អង្ករ ៣០គីឡូក្រាម, ត្រីខ ១០កំប៉ុង, មី ១កេស, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, ភេជ្ជៈ ១កេស, ប្រេងឆា ១ដប, កន្ទេល១ ម៉ាស ១ប្រអប់ និងឃីតចំនួន១ ក្នុងនោះមាន(ភួយ១,មុង១,សារុង១,ក្រមា១) ព្រមទាំងថវិការ ១០ម៉ឺនរៀល៕ ដោយ៖​ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង