ជំនន់ទឹកភ្លៀងហូរចេញពី តំបន់អាងទឹកកំពីងពួយ លិចផ្លូវនិងផ្ទះអ្នកភូមិជាបណ្តើរៗហើយ

ខេត្តបាត់ដំបង៖ អាជ្ញាធរឃុំតាគ្រាម បានឱ្យដឹងថា អស់រយៈពេលបីថ្ងៃហើយ ដែលស្ពាន និងផ្លូវថ្នល់ និង ផ្ទះពល រដ្ឋមួយចំនួន ដែលស្ថិតនៅក្បែៗ និងជុំវិញតំបន់អាងទឹកកំពីងពួយ ត្រូវបានទឹកជំនន់ជន់លិចនិងកាត់ផ្តាច់ជាបណ្តើរៗហើយ។

លោក អ៊ឹម ប៊ុនយូ មេឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា ទឹកបានហៀរពីទំនប់អូរដូនពៅ បានបំផ្លាញកំណាត់ផ្លូវប្រវែង ២០០០ម៉ែត្រដែលទើបធ្វើថ្មីៗនៅក្នុងភូមិស្លាបប៉ាង ឃុំតាគ្រាម មិនអាចធ្វើដំណើរឆ្លង កាត់បាន និង ផ្ទះប្រជាពលរដ្ឋប្រហែល១០ខ្នង ត្រូវបានលិច។

លោកមេឃុំ បានអះអាងថា ទឹកដែលហូរធ្លាក់មកប្រឡាយអូរដូនពៅនេះ គឺជាទឹកដែលហូរបែកចេញពីស្ទឹងបវេល មកទម្លាក់នៅទីនេះ និង បន្តហូរចូលទំនប់អាងកំពីងពួយ ប៉ុន្តែដោយសារកម្លាំងទឹកខ្លាំងពេក ហូរមិនទាន់ ធ្វើឱ្យលិច លើខ្នងប្រឡាយ លិច លង់ដូច្នេះ។

លោកថា ការលិចលង់ដ៏ខ្លាំងនេះ គឺលោកបានដឹងតាំងពីថ្ងៃដំបូងម៉្លេះ ព្រោះលោកបានឃើញទឹកមានសភាពឡើងពេញប្រៀបក្នុងអូរដូនពៅ និងបានឱ្យអ្នកកាន់ទ្វារទឹក រាយការណ៍ប្រាប់មន្ទីរធនធានទឹក ដើម្បីឱ្យទម្លាក់ទ្វារទឹកមកវិញខ្លះ កុំឱ្យទឹកជន់ខ្លាំងពេក ប៉ុន្តែអ្នកកាន់ទ្វារទឹកបានឆ្លើយតបថា បានរាយការណ៍ទៅកាន់មន្ទីរហើយ មិនមានការឆ្លើយតប ហើយគាត់ មិនហ៊ានសម្រេចនោះទេ។

លោកមេឃុំ ព្រួយបារម្ភថា បើសិនជាទឹកនៅបន្តជន់លិចកាន់តែខ្លាំង វានឹងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំតាគ្រាមនេះកាន់តែខ្លាំង និង អាចកាត់ផ្តាច់ផ្លូវពីភូមិមួយទៅភូមិមួយច្រើន។

ទាក់ទងការលើកឡើងនេះ លោក ឡុង ផល្គុន ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង មានប្រសាស ន៍ថា ក្រុមមន្រ្តីជំនាញបាន បើកទ្វារទឹកកម្រិតតាមបច្ចេក ទេស ស្របតាមទំហំប្រឡាយអូរដូនពៅ ដើម្បីហូរចាក់ទៅកំពីងពួយ គឺ កម្រិត២០ ម៉ែត្រ គូប ក្នុងមួយវិនាទី មិនលើសនោះទេ។

លោកបញ្ជាក់ថា
ការលិចទឹកនៅតំបន់ ដែលស្ថិតនៅជុំវិញអាងកំពីងពួយនេះ ព្រោះវាជាតំបន់ទំនាប ហើយមួយទៀត ប្រជាពលរដ្ឋ បាន ទៅធ្វើសំណង់និងផ្ទះអានាធិបតេយ្យនៅលើមាត់ស្ទឹងនិងមាត់ប្រឡាយអូរដូនពៅ ផ្នែកកន្ទុយប្រឡាយនោះ ដែលធ្វើឱ្យស្ទះចរន្តទឹកហូរ ទើបទឹកបែកវាលដូច្នេះ។
លោកប្រធានមន្ទីរ បានស្នើឱ្យអាជ្ញាធរឃុំ ធ្វើការសហការកុំឱ្យមានការសាងសង់សំណង់និងផ្ទះ ក្បែរមាត់ទំនប់នោះ ដែលធ្វើឱ្យស្ទះចរន្តទឹកហូរបន្តទៀត ព្រោះមន្ទីរជំនាញតែ១មិនអាចគ្រប់គ្រងអស់នោះទេ ប្រភព៖ fb Hout Songhak

អត្ថបទដែលជាប់ទាក់ទង