នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីចោរកម្ម

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៧ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅចំណុច​ភូមិ​៣ សង្កាត់៤​ ក្រុង-ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធករណីចោរកម្ម។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ៣នាក់រួមមាន៖ ឈ្មោះ សាំ សៅ ហៅអាត្រេន អាយុ១៦ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ចាន់ ហួត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ និងឈ្មោះ ង៉ែត ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកទទួលបញ្ញើរក្សាទុកទូរស័ព្ទពីឈ្មោះ សាំ សៅ ចំនួន ៥០គ្រឿង និងLaptop ១គ្រឿង ។

ដោយឡែក ជនរងគ្រោះឈ្មោះ Wen Qiu Long ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួសជុលទូស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ៥៩គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង (ម៉ាកLenovo ពណ៌ខ្មៅ), ម៉ូតូ ១គ្រឿង ម៉ាកBeat ពណ៌ខៀវ+ស (ជាមធ្យោបាយធ្វើសកម្មភាព)។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១:៣០​នាទីរំលងអាធ្រាត ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះរួចលួចយកទូរស័ព្ទ និងLaptop មួយចំនួន នៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់លេខ៣​ ក្រុង-ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង