ពលរដ្ឋចោទ លោក គឹម ញ៉ក់ ប្រធានអន្តរវិស័យខេត្តកំពត សង់​របង​បិទផ្លូវមិនឲ្យម្ចាស់ដី នៅផ្នែកខាងក្រោយឆ្លងកាត់ និងទារសំណង៣ម៉ឺនដុល្លារជាថ្នូរ​រុះរើចេញ

ខេត្តកំពត៖ ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីមួយកន្លែង មានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពត បានចោទ លោក គឹម ញ៉ក់ ប្រធានអន្តរវិស័យសាលា​ខេត្តកំពត ថា បានឆក់ឳកាស ក្នុង​អំឡុងពេល រាជរដ្ឋាភិបាលបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានបញ្ជាឱ្យបក្ខពួក និងក្រុមជាងសំណង់ សម្រុកដឹកដីចាក់ធ្វើរបងហ៊ុមព័ទ្ធដី និងសង់រោង នៅលើដីចំណីផ្លូវរថភ្លើង របស់រដ្ឋ បិទផ្លូវឆ្លងកាត់ របស់ប្រជាពលរដ្ឋ រស់នៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ពលរដ្ឋ បញ្ជាក់ថា ការដឹកដីសង់រោង និងបិទផ្លូវមិនឲ្យម្ចាស់ដី នៅផ្នែកខាងក្រោយចេញចូល របស់ លោក គឹម ញ៉ក់ គឺបានកើតឡើង ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ដោយសម្អាង
លើក្រដាសកិច្ចសន្យាលក់ផ្ដាច់ដីមួយសន្លឹក មានចុះហត្ថលេខា លោក គុយ យ៉ា មេឃុំព្រៃឃ្មុំ បណ្តាលឱ្យម្ចាស់ដី​ នៅផ្នែក​ខាងក្រោយ គ្មានផ្លូវចេញ​ចូលផ្ទះ​ទេ។

ប្រជាពលរដ្ឋរងគ្រោះ បន្តថា វិវាទបិទផ្លូវឆ្លងកាត់ខាងលើនេះ លោក គឹម ញ៉ក់ បានទាមទារលុយចំនួន ៣ម៉ឺនដុល្លារ​អាមេរិក និងដីទំហំផ្ទៃដីចំនួន ១៥ម៉ែត្រ ជាថ្នូរនឹងធ្វើការរុះរើបើកផ្លូវ ដែលបានចាក់ដី និងធ្វើរបងហ៊ុមព័ទ្ធនោះ ឲ្យដំណើរការ ឬអាចចេញចូលដូចដើមវិញ។

ទាក់ទិនបញ្ហានេះ ប្រភពពីម្ចាស់ដីរងគ្រោះ នៅផ្នែកខាងក្រោយ បានឱ្យដឹង​ថា ស្របពេលតម្លៃហាងឆេងដី នៅទីតាំងមួយចំនួន ក្នុងខេត្តកំពត កំពុងឡើងថ្លៃខ្ពស់នោះ ធ្វើឱ្យបុគ្គលខ្លះភ្លេចអស់ភាពអៀនខ្មាស ​ហើយពួកគេ រិះរកគ្រប់មធ្យោបាយ ឱ្យតែបានដុល្លារចូលហៅប៉ៅ របស់ខ្លួន និងបក្ខពួក។

ជាក់ស្តែងកាលពីថ្មីៗនេះ លោក គឹម ញ៉ក់ ប្រធានអន្តរវិស័យសាលាខេត្តកំពត ត្រូវបានប្រជាពលរដ្ឋ ដែលជាម្ចាស់ដីនៅខាងក្រោយ បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរដែនដី លើករណីបញ្ជាឱ្យបក្ខពួក និងក្រុមជាងសំណង់ ​ដឹកដីចាក់ដី​លុបផ្លូវ និងព័ន្ធរបង សង់រោងលើដីចំណីផ្លូវ របស់រដ្ឋ ហើយបិទផ្លូវ ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីស្របច្បាប់នៅខាងក្រោយ គ្មានផ្លូវធ្វើដំណើរទេ។ ហើយវិវាទនេះ លោក គឹម ញ៉ក់ បានទាមទារប្រាក់ចំនួ​ន ៣ម៉ឺនដុល្លារអាមេរិក និងដី១៥ ម៉ែត្រ ជាថ្នូរ​រុះរើរបង និងបើកផ្លូវរក្សាសភាពដើមវិញ។

​ប្រភពពីម្ចាស់ដី ដែលត្រូវបានគេសង់រោង ធ្វើរបងបិទផ្លូវ លើវិវាទខាងលើនេះ បាន​បន្ថែមថា លោកស្រី បានទិញដីនេះ ស្របច្បាប់ក្នុងអំឡុង ខែកក្កដា ឆ្នាំ២០២០ ពីលោក ជា ទីគា រស់នៅ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ក្នុងតម្លៃ ១៥ម៉ឺនដុល្លារ ដោយមានឯកសារគតិយុត្ត និងបង់ពន្ធស្របច្បាប់ត្រឹមត្រូវ។ ហើយកាលណោះ មិនមានសង់រោង និងរបងហ៊ុមព័ទ្ធដី នៅពីខាងមុខដី របស់គាត់ ដូចពេលនេះទេ។

លោកស្រី បន្តថា ដោយយល់ឃើ​ញ ដីខាងមុខជាចំណីផ្លូវរបស់រដ្ឋ និងមានបង្គោលភ្លើងរដ្ឋដាំរួចជាស្រេច លោកស្រីក៏មិនលោភលន់ចង់បានដីរដ្ឋនោះ ដើម្បីសង់របងព័ទ្ធយកដីចំណីផ្លូវធ្វើជាកម្ម​សិទ្ធិ​នោះដែរ ហើយបានរក្សាស្ថានភាពដើម។ ក៏ប៉ុន្តែស្រាប់តែ នៅក្នុងអំឡុងពេល​ បិទខ្ទប់កាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ តាមវិធានការ របស់ក្រសួងសុខាភិបាល នៅក្នុង​រាជធានីភ្នំពេញ រូបលោកស្រី ​គឺមិនអាចចេញក្រៅបានទេ។ ហើយ ករណី លោក គឹម ញ៉ក់ បញ្ជាឲ្យគេដឹកដីចាក់​ ធ្វើរបង និងហ៊ុមព័ទ្ធបិទផ្លូវសង់រោង ដូចឃើញរាល់ថ្ងៃនេះ គឺលោកស្រីមិនបានដឹងមុនទេ។

លោកស្រី​បន្តថា ក្រោយពីបានដឹងករណីខាងលើនេះ ក៏បានប្តឹងជំទាស់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទាមទារឱ្យលោក គឹម ញ៉ក់ ដែលមានតួនាទីជាប្រធានអន្តរវិស័យ សាលារកំពត ​ឲ្យរុះរើរបង បើកផ្លូវធ្វើដំណើរចេញចូល ដូចពេលមុនវិញ ប៉ុន្តែត្រូវ លោក គឹម ញ៉ក់ បដិសេធ ហើយបានទាមទារប្រាក់ចំនួន ៣ម៉ឺនដុល្លារ និងដីក្បាល ១៥ម៉ែត្រទៅវិញ។

​ទាក់ទិនបញ្ហានេះ លោក ជា ទីគា ម្ចាស់ដីដើមបាន​ឱ្យដឹងដែរថា បរិវេណដីខាងលើនេះ រដ្ឋបានចែកឱ្យរូបលោក តាំងពី​ឆ្នាំ១៩៨២ ហើយបន្ទាប់មក រូបលោកក៏​ធ្លាប់​បានប្រវាស់ដីស្រែនេះ​ ទៅឲ្យ​ឈ្មោះ ឃាន មួយគា ចាប់តាំងពី​ឆ្នាំ២០១៥ រហូតដល់​ឆ្នាំ២០១៨ ទើបរូបលោក បានដកហូតយកដីនោះមកវិញ។ បន្តបន្ទាប់មកក៏មានឈ្មោះ ​ស៊ុន ករុណា បានព្យាយាមចាក់ដី និងធ្វើរបងបិទផ្លូវមានទំនាស់ខាងលើនេះ ម្តងមកហើយម្ដងទៀត បន្តរហូតនៅ​ឆ្នាំ២០១៩ ដោយទាមទារប្រាក់ចំនួន ១៨ម៉ឺនដុល្លារ ខណៈដី របស់លោក ដែលមានទំហំជាងកន្លះហិកតា លក់បាន​តែ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ។

លោក ទីគា បន្ត​ថា បន្តបន្ទាប់មក ​រូបលោកក៏បានប្តឹងរឿងនេះ ទៅកាន់អាជ្ញាធរភូមិ-ឃុំ ​រហូតដល់ស្រុកទឹកឈូ ឲ្យជួយអន្តរាគមន៍ ទើបឈានដល់កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក នាក់ សុវណ្ណារី អភិបាល​ស្រុកទឹកឈូ ក៏បានចេញលិខិតបញ្ជាឱ្យឈ្មោះ ឃាន មួយគា រុះរើដកបង្គោលរបងទាំងនេះចេញ។ ពីព្រោះអាជ្ញាធររកឃើញថា ការព័ទ្ធរបងនេះ បានរំលោភយកដីចំណីផ្លូវរថភ្លើងចាស់ របស់រដ្ឋ។ លោកបន្តថា ចំពោះទីតាំង ដែល លោក គឹម ញ៉ក់ ហ៊ុមព័ទ្ធរបងបិទផ្លូវមិនឲ្យឆ្លងកាត់នេះ ​គឺដើមឡើយ វាជាទីតាំងដីចំណីផ្លូវរថភ្លើងចាស់ ​មិនមែនជាដីកម្មសិទ្ធិ របស់លោកប្រធានអន្តរវិស័យសាលាខេត្តកំពតនោះទេ។

​លោក នាក់ សុវណ្ណារី អភិបាល ស្រុកទឹកឈូ បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២១ថា ករណីបិទផ្លូវធ្វើដំណើរខាងលើនេះ រូបលោកធ្លាប់បានចេញលិខិត ពីរបីដងរួចហើយ​​ ដើម្បីស្នើដល់ភាគីទំនាស់ ត្រូវសម្របសម្រួលរកដំណោះស្រាយជាមួយគ្នា។ ហើយកាលពីសប្ដាហ៍មុន ពួកគាត់ក៏បានមកដោះស្រាយគ្នានៅសាលាខេត្តកំពតរួចហើយដែរ។ ហើយថា រឿងនេះ កន្លងមក រដ្ឋបាលស្រុកទឹកឈូ ក៍ធ្លាប់បានចេញលិខិតឱ្យរុះរើរបងនេះ ចេញ​អស់ម្ដងមកហើយ។ ហើយថា ​កាល​ឆ្នាំ២០២០ ខាងគណៈកម្មការស្រុក ក៏បានចុះវាស់វែងដីស្រែខាងលើ មិនទាន់មានឃើញធ្វើរបង ឬចាក់ដីហ៊ុមព័ទ្ធបិទផ្លូវនោះទេ គឺទើបតែធ្វើរបង និងសង់ផ្ទះ ក្នុងប៉ុន្មានខែចុងក្រោយនេះទេ។

ទោះជាបែបនេះ ក្តីគេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក​ គឹម ញ៉ក់ ប្រធានអន្តរវិស័យខេត្តកំពត ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ បានទេ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង