នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៦នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ០៦នាក់ (ស្រី១នាក់) ជាបន្តបន្ទាប់នៅចំណុចសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

ប្រតិបត្តិការនេះ ដឹកនាំសម្របសម្រួលដោយ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង ០៦នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួន រួមមាន៖ ឈ្មោះ YANG KUN ភេទប្រុស អាយុ ៣១ឆ្នាំ, ឈ្មោះ CHEN YONG ភេទប្រុស អាយុ ៣៥ឆ្នាំ, ឈ្មោះ ZHOU HONG ភេទស្រី អាយុ ៣៤ឆ្នាំ, ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ ២៩ឆ្នាំ, ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ ៤៩ឆ្នាំ, ឈ្មោះ CHAO FENG ភេទប្រុស អាយុ ៣២ឆ្នាំ។

ប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ក្រាម, ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ក្រាម, ថ្នាំញៀន WY ២៨៧គ្រាប់, កញ្ឆាក្រៀម ចំនួន ០២កញ្ចប់តូច, ថ្នាំដបពណ៌មាស ចំនួន ០២ដប, ជញ្ជីងថ្លឹងថ្នាំ ចំនួន ០១គ្រឿង, រថយន្ត ចំនួន ០២គ្រឿង និងទូរសព្ទ័ ចំនួន ១០គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង