រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យបើកអាជីវកម្មលក់ដូរ នៅផ្សារវាលរេញឡើងវិញ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពី ការបើកឱ្យដំណើរការអាជីវកម្មលក់ដូរឡើងវិញ នៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះតទៅ។

សេចក្តីសម្រេច ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មានចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានកំណត់ឱ្យ អ្នកគ្រប់គ្រងផ្សារ និងអាជីវករ ទាំងអស់នៅក្នុងផ្សារវាលរេញ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការដូចខាងក្រោម៖

– រៀបចំច្រកចេញ-ចូលឱ្យបានធំទូលាយ ដោយមានរៀបចំដាក់ខ្សែសុវត្ថិភាព និងរៀបចំម៉ាស៊ីនវាស់កម្តៅ និងម៉ាស៊ីនបាញ់អាល់កុលនៅច្រកចេញ-ចូលផ្សារឱ្យបានត្រឹមត្រូវ និងល្អប្រសើរ

– រៀបចំតូបលក់ដូរនីមួយៗ ដោយរក្សាឱ្យបាននូវគម្លាតរវាងអាជីវករ និងអតិថិជន (យ៉ាងតិច ១,៥០ម៉ែត្រពីគ្នា)

– រៀបចំចងបដា ស្តីពីវិធានសុខាភិបាលដើម្បីអប់រំណែនាំដល់អាជីវករ និងអតិថិជននៅក្នុងបរិវេណផ្សារ

– រៀបចំការផ្សព្វផ្សាយជូនបងប្អូនអាជីវករ និងអតិថិជនឱ្យបានយល់ដឹងជ្រួតជ្រាបបន្ថែមអំពីវិធីបង្ការជំងឺឆ្លងកូវីដ-១៩ តាមរយៈសារសំឡេង និងរូបភាព

– អាជីវករលក់ដូរ និងអតិថិជនដែលចូលទិញទំនិញក្នុងផ្សារត្រូវពាក់ម៉ាសជាដាច់ខាត

– អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ « ៣ការពារ និង៣កុំ » របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន

– អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារសេចក្តីណែនាំលេខ ០១៥/២១សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមផ្សារ ដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង