អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យបន្ទប់ទឹកសាធារណៈ នៅតាមឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នារសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ រហូតដល់ចំនុចដើមឈើចាំស្នេហ៍។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះតទៅ យើងនឹងបើកឱ្យដំណើរការជាផ្លូវការនូវបន្ទប់ទឹកសាធារណៈចំនួន ៦ទីតាំងសិន ក្នុងចំណោម ៩ទីតាំង ដោយសារតែបន្ទប់ទឹក ៣ទីតាំងទៀត ក្នុងនោះ ២ទីតាំង មិនទាន់បំពាក់សម្ភារ:រួចរាល់ និង១ ទាក់ទងទៅនឹងបច្ចេកទេសទឹកនាំមកអត់ទាន់ដល់ ដូច្នេះយើងបើកបន្ទប់ទឹកសាធារណៈចំនួន ៦ទីតាំងឱ្យដំណើរការ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខនេះ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យឱ្យត្រឹមត្រូវ ដើម្បីឱ្យភ្ញៀវដែលមកប្រើប្រាស់បន្ទប់ទឹកសាធារណៈរបស់យើង ពួកគាត់បានដឹង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង