ភ្ញៀវទេសចរភាគច្រើន ទៅកម្សាន្តខេត្តព្រះសីហនុ មិនអនុវត្តវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវទេ!

ខេត្តព្រះសីហនុ៖ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បានឲ្យដឹងថា ភ្ញៀវទេសចរ ដែលចូលទៅកម្សាន្ត នៅតាមតំបន់មាត់សមុទ្រ និងរមណីដ្ឋានទេសចរណ៍នានា ក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺភាគច្រើន មិនបានអនុវត្តវិធានពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំ របស់ប្រមុខដឹកនាំរដ្ឋាភិបាល ៣កុំ និង៣ការពារ ឲ្យបានត្រឹមត្រូវទេ។

ប្រភពដដែលបន្តថា តាមការសង្កេតជាក់ស្តែង ភ្ញៀវទេសចរជាតិ ដែលចូលទៅកម្សាន្ត នៅតាមឆ្នេរសមុទ្រ គឺមានការធ្វេសប្រហែស មិនព្រមពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ទេ។ ហើយថា ក្រុមមនុស្សទាំងនោះ បានប្រមូលផ្តុំគ្នាទទួលទានអាហារ និងផឹកស៊ី យ៉ាងសប្បាយរីករាយ។

ចំណែក ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា មានភ្ញៀវទេសចរជាតិរាប់ម៉ឺននាក់ ក្នុងមួយថ្ងៃៗ បានចូលមកកម្សាន្ត នៅតាមតំបន់ឆ្នេរសមុទ្រ និងតាមរមណីដ្ឋាននានា ក្នុងខេត្តនេះ។ ក្នុងនោះ កាលពីថ្ងៃទី០៦ ខែតុលា មានភ្ញៀវទេសចរជាតិ ជាង ៣ម៉ឺន ២ពាន់នាក់ បានចូលមកកម្សាន្ត នៅខេត្តព្រះសីហនុ សម្រាប់ណើរកម្សាន្ត របស់ពួកគាត់។

ទោះជាបែបនេះក្តី សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ ឲ្យដឹងថា មានភ្ញៀវទេសចរចំនួន ៥នាក់ បានលង់ទឹកសមុទ្រ នៅតាមឆ្នេរអូរត្រះ ត្រង់ចំណុចក្បែរដើមឈើចាំស្នេហ៍ កាលពីម៉ោង ៣ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ ហើយភ្លាមៗនោះ មានមនុស្សចំនួន ២នាក់ ត្រូវបានជួយស្រង់ចេញពីក្នុងទឹកសមុទ្រ និងមនុស្ស ៣នាក់ទៀត បាត់ខ្លួន។

ក្រោយទទួលដំណឹងខាងលើនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ក៏បានបញ្ជូនបុគ្គលិកក្រុមការងារ G.T.V.C និងអូប័រល្បឿនលឿនចំនួន ២គ្រឿង ដើម្បីចេញជួយស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួនក្នុងទឹកសមុទ្រចំនួន ៣នាក់ទៀត ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃដដែលនេះ មិនទាន់រកឃើញជនរងគ្រោះទាំង ៣នាក់នោះ នៅឡើយទេ។

សមត្ថកិច្ច បានឲ្យដឹងថា ក្នុងចំណោមមនុស្ស ២នាក់ ដែលស្រង់បានពីទឹកសមុទ្រ ពេលនេះ មានក្មេងស្រីជំទង់ម្នាក់ បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

របាយការរណ៍សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះទាំង ៥នាក់ មានឈ្មោះ៖

១- ឈ្មោះ លេង ស្រីឌៀប ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់មុខរបរកម្មកររោងចក្រ នៅបិតត្រំាង

២- ឈ្មោះ លេង ជ្រូក ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ នៅផ្ទះ

៣- ឈ្មោះ លេង ជីតា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្របិតត្រាំង ទីលំនៅអូរឧកញ៉ាហេង

៤- ឈ្មោះ លេង ដាវ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅអូរឧកញ៉ាហេង

៥- ឈ្មោះ លេង ជា ភេទប្រុស អាយុ ១១ឆ្នាំ ទីលំនៅអូរឧកញ៉ាហេង។

ជនរងគ្រោះទាំង ៥នាក់ ជាបងប្អូនបង្កើតនឹងគ្នា រស់នៅមូលដ្ឋានខាងលើ៕

អត្ថបទដែលជាប់ទាក់ទង