រដ្ឋបាលខេត្តត្បូងឃ្មុំថា ការបិទទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ព្រោះភ្ញៀវទេសចរ មិនអនុវត្តវិធានសុខាភិបាល!

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅកម្សាន្ត នៅក្នុងបរិវេណទំនប់បង្ហៀរទឹកអន្លង់ជ្រៃ មានទីតាំងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទេ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន កុះករ ហើយមនុស្សទាំងនោះ មិនសហការ ក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ឲ្យបានត្រឹមត្រូវនោះ។

ទាក់ទិនបញ្ហានេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា រូបភាពដែលត្រូវបានគេចែកចាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយមានមនុស្សច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ កាលពីថ្ងៃទី០៥ ខែតុលា។ ហើយបន្ទាប់មក នៅថ្ងៃទី០៦ ខែតុលា ក៏មានភ្ញៀវទេសចរ បន្ដទៅលេងកម្សាន្ដ នៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ នោះ យ៉ាងច្រើនកុះករ ដោយមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងមិនរក្សាគម្លាតបុគ្គលដដែល ។

លោកអភិបាលរងបន្តថា ដោយ ពិនិត្យឃើញស្ថានភាពបែបនេះ ទើប កម្លាំងអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយ មន្ដ្រីសុខាភិបាល ក៏បានចុះទៅចែកម៉ាស់ អាល់កុល ព្រមទាំងផ្សព្វផ្សាយពីវិធានសុខាភិបាល ជូនពលរដ្ឋទាំងនោះជាបន្ដបន្ទាប់ ប៉ុន្ដែភ្ញៀវទេសចរទាំងអស់នោះ មិនព្រមសហការជាមួយអាជ្ញាធរទេ។

លោក សុខមករា បន្តថា ដោយពិនត្យឃើញ ប្រជាពលរដ្ឋ មិនព្រមសហការជាមួយអាជ្ញាធរបែបនេះ ទើបនៅម៉ោង ០៣ និង៣០នាទីរសៀលថ្ងៃទី០៦ ខែតុលា អាជ្ញាធរ បានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងកម្សាន្ត នៅក្នុងបរិវេណ ទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ជាបន្ដទៀតទេ ដើម្បីកាត់បន្ថយចំនួន នៃការប្រមូលផ្ដុំមនុស្ស ដែលអាចកើតមានហានិភ័យពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។

ទោះជាបែបនេះក្តី កម្លាំងអាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីសុខាភិបាល នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ដនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ត្រូវសហការអនុវត្តវិធានសុខាភិបាល ព្រមទាំងស្ដាប់តាមការណែនាំ របស់អាជ្ញាធរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅទីតាំងកម្សាន្ដមួយនេះ នាថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង