ពលរដ្ឋ​ស្រុកកំចាយមារ សំណូមពរ​លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ​ជួយអន្តរាគមន៍យកចំណីផ្លូវ ដែល​ឈ្មោះ ជុំ សុខុន ព័ទ្ធរបងរំលោភយក​ មកដាក់ជាសម្បត្តិរួមវិញ

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋចំនួន ៣ភូមិ ​ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ បានសំណូមពរដល់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ជួយអន្តរាគមន៍លើករណី លោក ជុំ សុខុន និងភរិយា បានធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីផ្លូវសាធារណៈ ដែល​ប្រជាពលរដ្ឋម្នាក់ឈ្មោះ ម៉េត ឈុន រស់នៅក្នុងភូមិជាមួយគ្នា បានធ្វើសម្បទានដី របស់គាត់ សម្រាប់​ពង្រីកផ្លូវ ឬធ្វើជាចំណីផ្លូវសាធារណៈប្រមាណ ៥ម៉ែត្រ ជាប់ព្រំដីចាស់ជាមួយ លោក​ ជុំ សុខុន ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ​ជាច្រើនភូមិ នៅក្នុងមូលដ្ឋាននេះ ធ្វើដំណើរឆ្លងកាត់ និងដឹកផលិតផលស្រូវរដូវប្រាំង-រដូវវស្សារបស់ពួកគាត់ ឲ្យមានភាពងាយស្រួល។

ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិដូនដោក ថ្លែងថា វិវាទរំលោភយកដីចំណីផ្លូវ ដែលឈានដល់ លោក ជុំ សុខុន បានដាក់ពាក្យបណ្តឹងប្តឹង លោក ម៉េត ឈុន ជាអ្នកភូមិជាមួយគ្នា ទៅកាន់សាលាឃុំជាច និងរហូតដល់សាលា​ដំបូងខេត្តព្រៃវែងនេះ គឺផ្តើមចេញពីការធ្វើរបងប៉ុនប៉ងរំលោភយកដីចំណីផ្លូវសាធារណៈប្រមាណកន្លះម៉ែត្រ​ យកទៅធ្វើជាកម្មសិទ្ធិបុគ្គលឯកជន ហើយត្រូវភាគីសម្បទានដីចំនួន ៥ម៉ែត្រ ដើម្បីធ្វើផ្លូវនោះមិនព្រមឲ្យធ្វើរបងយកដីចំណីផ្លូវនោះទេ។

​អ្នកស្រី លឹម ឆៃយ៉ាត មេភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ​មានប្រសាសន៍ថា វិវាទដីធ្លីខាងលើ​នេះ បានកើតឡើងដោយសារដីធ្វើរបង នៅខាងលិចភូមិ ដូនដោក ត្រង់ចំណុចតំបន់​កោះ​ក្រវិល​។ ហើយទំនាស់នេះ បានកើតឡើងក្រោយពេលពលរដ្ឋក្នុងភូមិនេះឈ្មោះ លោក ម៉េត ឈុន បានធ្វើសម្បទានដី របស់គាត់ ដាក់ជាចំណីផ្លូវសាធារណៈប្រមាណ ៥​ម៉ែត្រ នៅជាប់ដីព្រំចាស់ជាមួយ លោក ជុំ សុខុន  ដែលជាប្រជាពលរដ្ឋ រស់នៅភូមិជាមួយគ្នា ដើម្បីពង្រីកផ្លូវ​សម្រួលដល់ប្រជាពលរដ្ឋជាច្រើនភូមិ ងាយស្រួលធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនផលស្រូវប្រាំង និងស្រូវវស្សា របស់ពួកគាត់ជាដើម..។

អ្នកស្រី​មេភូមិ ទទួលស្គាល់ថា លោក ម៉េត ឈុន ពិតជាបានផ្តល់ដីចំនួនប្រមាណ ៥ម៉ែត្រ សម្រាប់ពង្រីកផ្លូវធ្វើដំណើរជាប្រយោជន៍សាធារណៈ ប៉ុន្តែបែរជា លោក ជុំ សុខុន មកធ្វើរបងរំលោភចូលដីចំណីផ្លូវ ទាំងរូបគាត់ (ជុំ សុខុន) មិនបានធ្វើសម្បទានដីសូម្បីមួយចំអាមណាទេ សម្រាប់ពង្រីកផ្លូវធ្វើដំណើរខាងលើនេះ​។

ត្រង់ចំណុនេះ អ្នកស្រី លឹម ឆៃយ៉ាត មេភូមិដូនដោក សង្កត់ធ្ងន់ថា ក្នុងនាមរូបគាត់ជាមេភូមិ យល់ថា រាល់ការប្រើប្រាស់អំណាច ឬអ្វីក៏ដោយ គឺមិនអាចទៅរួចទេ។ ​អ្នកស្រីបន្តថា វិវាទដីផ្លូវ​នេះ រូបគាត់ ក៏ធ្លាប់បានព្យាយាមសម្របសម្រួលជាមួយភាគីទំនាស់ ដើម្បីរកចំណុច​ឈ្នះៗទាំងអស់គ្នា ជាបន្តបន្ទាប់មកនេះ ប៉ុន្តែភាគី លោក ជុំ សុខុន មិនព្រមចូលមកដោះស្រាយទេ ហើយជ្រើសយកការដាក់ពាក្យបណ្តឹងទីកាន់សាលាឃុំជាច និងប្តឹងបន្តរហូតដល់សាលាដំបូងខេត្តព្រៃវែង​​។

អ្នកស្រីមេភូមិ​ ​អះអាងថា ​ វិវាទដីផ្លូវ​នេះ ប្រសិនបើភាគី លោក ជុំ សុខុន ព្រមជួបជជែកដោះស្រាយគ្នាជាមួយ លោក ម៉េត ឈុន ដើម្បីបញ្ចប់រឿងដោយសន្តិវិធី  គឺរឿងតូចតាចមួយនេះ មិនអាចពង្រីក​ធំដុំ រហូតដល់ត្រូវរកដំណោះស្រាយ នៅប្រព័ន្ធតុលាការនោះទេ?។

អ្នកស្រីមេភូមិ បន្ថែមថា ទំនាស់​នេះផ្តើមពី ​លោក ជុំ សុខុន ​​បានធ្វើរបងរំលោភចូលដីផ្លូវរួម ឬដីចំណីផ្លូវសាធារណៈ ទើបភាគី លោក ម៉េត ឈុន មិនអនុញ្ញាតិឲ្យភាគី លោក ជុំ សុខុន មកធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីផ្លូវសាធារណៈ នេះទេ ដោយស្នើសុំឲ្យធ្វើរបងនោះ នៅលើទីតាំងចាស់ដដែល បើមិនបានសម្បទានដីជូនពលរដ្ឋប្រើប្រាស់នោះ​។

ជម្លោះនេះ បានឈានដល់ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក ជុំ សុខុន និងប្រពន្ធ ឈ្មោះ ម៉ិត ផល្លា បានដាក់ពាក្យបណ្តឹងទៅសាលាឃុំជាច ប្តឹងលោក ម៉េត ឈុន អាយុ ៥០ឆ្នាំ ប្រពន្ធឈ្មោះ គង់ ណុន អាយុ ៥០ឆ្នាំ និងកូនឈ្មោះ ឈុន ជាថា ពីបទ «គំរាមរារាំង និងបំផ្លាញកម្មសិទ្ធិឯកជន» និងទាមទារសងជំងឺចិត្តចំនួន ០៦លានរៀល​។

ពាក្យបណ្តឹងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋនៅភូមិដូនដោក និងមន្រ្តីក្រុមប្រឹក្សាឃុំជាច ថ្លែង​ទាំងហួសចិត្តថា តើមានមូលដ្ឋានអ្វី បានជា លោក ជុំ សុខុន ដែលមកបំពានដីចំណីផ្លូវសាធារណៈ  ទៅធ្វើជាកម្មសិទ្ធិបុគ្គលខ្លួនឯង  ទៅប្តឹងឈ្មោះ ម៉េត ឈុន ដែលបានសម្បទានដី ៥ម៉ែត្រ សម្រាប់ពង្រីកផ្លូវឲ្យបានធំទូលាយ ទៅវិញ? ពោលគឺសមតែ លោក ម៉េត ឈុន ឬប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះ ដាក់ពាក្យប្តឹង លោក ជុំ សុខុន វិញ ទើបត្រឹមត្រូវជាង ប៉ុន្តែបែរជារូបគាត់ ប៉ុន្តែបែរជារូបគាត់ មកប្តឹងអ្នក ដែលបានសម្បទានដី សម្រាប់ពង្រីកផ្លូវសាធារណៈ ឲ្យបានធំទូលាយសម្រាប់ធ្វើដំណើរទៅវិញ​។

ទាក់ទិនវិវាទនេះ លោក យូ សុង មេឃុំជាច ​និងសមាជិកក្រុមប្រឹក្សាឃុំ ថ្លែងថា ពួកគាត់ ក៏ធ្លាប់​ព្យាយាម​សម្របសម្រួលភាគីទាំងពីរជាច្រើនដង ប៉ុន្តែខាងភាគី លោក ជុំ សុខុន និងប្រពន្ធ ឈ្មោះ ម៉ិត ផល្លា មិនព្រមចូលរួមសម្របសម្រួលបញ្ចប់វិវាទដីផ្លូវនេះទេ។

លោកមេឃុំជាច បានទទួលស្គាល់ថា លោក ម៉េត ឈុន ពិតជាបានសម្បទានដី​សម្រាប់ពង្រីកផ្លូវ​សាធារណៈ សម្រាប់បម្រើដល់ប្រយោជន៍រួមពិតមែន។ ប៉ុន្តែដោយ​សារតែ ភាគី លោក ជុំ សុខុន បាន​មកធ្វើរបងហ៊ុមព័ទ្ធរំលោភដល់ដីចំណីផ្លូវ ដែល​​ លោក ម៉េត ឈុន ធ្វើសម្បទានសម្រាប់ពង្រីកផ្លូវខាងលើនេះ​ ទើបកើតជាជម្លោះប្តឹងផ្តល់គ្នាមកកាន់សាលាឃុំ និងបន្តទៅដល់សាលាដំបូងខេត្តព្រៃវែងនោះ។

លោកមេឃុំបញ្ជាក់ថា វិវាទដីផ្លូវនេះ ខាងអាជ្ញាធរឃុំ បានព្យាយាមសម្របសម្រួលចំនួន ២លើករួចមកហើយ ប៉ុន្តែខាងភាគី លោក ជុំ សុខុន មិនព្រម ហើយបានបន្តប្តឹងទៅកាន់ប្រព័ន្ធតុលាការទៀត។ លោកថា ​វិវាទ​នេះ គឺជារឿងតូចតាចទេ​ បើភាគីទំនាស់ព្រមដោះស្រាយគ្នា​ ដោយសន្តិវិធី គឺចប់រឿងហើយ ប៉ុន្តែមិនដឹងថា មូលហេតុអ្វីបានជាភាគី លោក ជុំ សុខុន មិនព្រមសម្របសម្រួលគ្នា ឬមួយក៏រូបគាត់ មានខ្នងបង្អែកមានតួនាទីធំរង់ចាំកាងការពារ ទើបរូបគាត់មិនព្រមស្តាប់តាមអាជ្ញាធរសម្របសម្រួលបែបនេះ។

​បន្ថែមលើនេះ អាជ្ញាធរឃុំជាច និងប្រជាពលរដ្ឋ​ភាគីច្រើន រស់នៅមូលដ្ឋាននេះ បានបញ្ជាក់ថា មូលហេតុ​ លោក ជុំ សុខុន និងភរិយា​ មិនព្រមស្តាប់ការសម្របសម្រួល របស់ ​លោក ស្រី លឹម ឆៃយ៉ាត ប្រធានភូមិដូនដោក និង លោក យូ សុង មេឃុំជាច ទំនងជារូបគាត់ អាងមានប្អូនប្រុស របស់គាត់ម្នាក់​មានតួនាទីជា នាយករងពន្ធនាគារខេត្តព្រៃវែង ទើបបានជា មិនព្រមស្តាប់តាមការដោះស្រាយវិវាទ របស់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ហើយបន្តដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តព្រៃវែង​ទៀត​។

​វិវាទនេះ ទាំងអាជ្ញាធរឃុំជាច និងប្រជាពលរដ្ឋ រស់នៅភូមិដូនដោក និយាយ​ថា ​ដើមហេតុកើតឡើង ក្នុងដីចំណីផ្លូវសាធារណៈត្រឹមតែកន្លះម៉ែត្រ តាមព្រំដីរួមជាមួយគ្នា ខណៈ លោក ម៉េត ឈុន បានសម្បទានដីពីព្រំប្រទល់របស់គាត់ចំនួន ៥ម៉ែត្រ សម្រាប់​ពង្រីកផ្លូវធ្វើដំណើរឲ្យបានធំទូលាយ ទុកបម្រើជាប្រយោជន៍សាធារណៈ ​របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ឲ្យមានភាពងាយស្រួល។

វិវាទដីផ្លូវនេះ​រ អ្នកស្រី លឹម ឆៃយ៉ាត ​មេភូមិដូនដោក ថ្លែងថា រូបគាត់ក៏​បានប្រាប់ឈ្មោះ ជុំ សុខុន មិនឲ្យធ្វើរបងរំលោភមកលើដីចំណីផ្លូវសាធារណៈ​​នេះទេ ព្រោះវិវាទនេះ មិនបានដោះស្រាយ​​នៅ​ឡើយ ប៉ុន្តែខាងភាគី លោក ជុំ សុខុន មិនព្រមស្តាប់តាម​អាជ្ញាធរទេ ហើយក៏បន្តធ្វើរបង​បន្លាលួសរួចរាល់ជាស្ថាពរ។ ហើយបន្ទាប់មក របងបន្លាលួសនេះ ត្រូវបានភាគី លោក ម៉េត ឈុន ​ដក​ចេញ វិញ ដោយត្រូវរង់ចាំរកដំណោះស្រាយ​ឲ្យរួចរាល់ជាមុនសិន ទើបឈានដល់ភាគី លោក ជុំ សុខុន ដាក់ពាក្យបណ្តឹងទៅកាន់​សាលាឃុំជាច និង​តុលាការខេត្តព្រៃវែង​។

យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋភូមិដូនដោក – អ្នកភូមិរហាល និង​អ្នកភូមិ​កោះតារ័ត្ន បានសំណូមពរដល់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ជួយអន្តរាគមន៍យកដីចំណីផ្លូវសាធារណៈ ដែល​ត្រូវ ឈ្មោះ ជុំ សុខុន និងភរិយា បានធ្វើរបងហ៊ុមព័ទ្ធរំលោភយកធ្វើកម្មសិទ្ធិទាំងបំពាន ហើយថែមទាំងបានប្តឹងពលរដ្ឋម្នាក់ឈ្មោះ ម៉េត ឈុន ដែល​បានផ្តល់សម្បទានដី របស់ខ្លួនចំនួន ៥ម៉ែត្រ សម្រាប់ពង្រីកផ្លូវ បម្រើជាប្រយោជន៍រួម ប៉ុន្តែបែរជាត្រូវ ឈ្មោះ ជុំ សុខុន ប្តឹងទៅកាន់តុលាការទៅវិញ?។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» ឬ www.camday.news​ នៅមិនទាន់អាចមានប្រភពទាក់ទង លោក ជុំ សុខុន ដែលជាភាគីទំនាស់ម្ខាងទៀត ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបាននៅឡើយទេ។ ខណៈ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏មិនទាន់អាចមានប្រភពទាក់ទង ដើម្បីសួរនាំលើសំណូមពរ របស់ប្រជាពលរដ្ឋ នៅឃុំជាច ស្រុកកំចាយមារ បានដែរ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២១៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង