នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី​១១ ​ខែ​តុលា​ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលផ្លូវច្បាប់ដោយ លោក ពេញ ពិសិដ្ធ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងក្រោយកាសុីណូហួយហ័រ ស្ថិតក្នុងក្រុម១១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ៤ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។

នៅពេលឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់, ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១កញ្ចប់, ថ្នាំញៀនអ៉ិចស្តាសុី ប្រភេទម៉្សៅ(MDMA) ចំនួន ០១កញ្ចប់, ថ្នាំញៀនអ៉ិចស្តាសុី ប្រភេទទឹក(MDMA)ចំនួន ០៤ដប, ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន ចំនួន ០៣កញ្ចប់, ទូរសព្ទ័ចំនួន ០២គ្រឿង។

បន្ទាប់ពីសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើ និងធ្វើការសាកសួររួចមក នៅវេលាម៉ោង ២៣ និង៥០នាទី ថ្ងៃខែឆ្នាំដដែល ក៏ឈានដល់ការឆែកផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម២១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទៀត គឺឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

នាឱកាសនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់, រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន ០១កញ្ចប់, ម្សៅក្រាមសង្ស័យជាសារធាតុចំនួន ១២កញ្ចប់, ថ្នាំគ្រាប់អក្ស WY មេតំហេ្វតាមីនចំនួន ១៣កញ្ចប់, ថ្នាំញៀនអ៉ិចស្តាសុីប្រភេទទឹក(MDMA) ចំនួន ០២ដប, ថ្នាំញៀនអ៉ិចស្តាសុី ប្រភេទម៉្សៅ(MDMA) ចំនួន ០២កញ្ចប់, ម្សៅក្រាមពណ៌ប្រផេះសង្ស័យជាសារធាត់ញៀនចំនួន ០១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំចំនួន ០២គ្រឿង, ទូរសព្ទ័ចំនួន ០១គ្រឿង។

បន្ថែមលើនេះ កាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៍ ជាមួយកម្លាំងជំនាញ ហើយបាននាំទៅឆែកបន្ទប់ស្នាក់នៅមួយកន្លែងទៀត នៅក្រុម១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត មានឈ្មោះ LU JIAN MIN ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រកដ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់, ទូសព្ទ័ចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាងខាងលេី បានបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ​ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង