រថយន្តបុកជាមួយរថភ្លើង​ នៅ​ផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិត​ផ្សារវាលរេញ បណ្តាលឲ្យបុរសម្នាក់ស្លាប់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា អ្នកបើកបររថយន្តម្នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយរថភ្លើង ក្នុងពេលរថភ្លើងបើកបរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ នៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោង០៦ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

សមត្ថកិច្ច បន្តថា រថយន្តជួបគ្រោះថ្នាក់ខាងលើនេះ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ បើកបរមានទិសដៅចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ​ បាន​បើក​ឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ដែលមិនមានអ្នកបិទប៉ារាស់ ហើយ​ត្រូវរថភ្លើង ០១គ្រឿង ដែលមានទិសដៅចេញពីខេត្តព្រះសីហនុ ទៅភ្នំពេញ បុករថយន្តនោះ បណ្តាលឲ្យ អ្នក​បើក​​បររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ​។

សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករួមដំណើរនោះទេ។ ហើយក្រោយកើតហេតុ អ្នករងរបួស ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ។ ចំណែក រថយន្ត ត្រូវសមត្ថកិច្ចស្ទួច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ រីឯរថភ្លើង ក៏បានបន្តដំណើរទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង