ម្ចាស់ការ៉ាស់សាំង PTT ខណ្ឌដង្កោ បាញ់សម្លាប់ខ្លួន ព្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅម៉ោង ០៧ និង១៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងបន្ទប់ទឹក ខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា (សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ ហើយ សពជនរងគ្រោះ មានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ៖ អាវុធខ្លី ០១ដើមម៉ាក ZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុ ពេលកូនចៅងើបពីដេកដើរកមេមិនឃើញ ព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ហើយ ដោយមានសង្ស័យ ក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមការសន្និដ្ឋាន វាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង