នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​​៣​នាក់​ ​​ទៅកាន់តុលាការ​ផ្តន្ទាទោស ករណីជួញដូរគ្រឿងញៀន

ខេត្តបន្ទាយ​មាន​ជ័យ​៖​ នគរបាល​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២២នេះ បាន​​បញ្ជូន​ខ្លួន​ជនសង្ស័យប្រុស-ស្រី ទាក់ទិនបទល្មើស​ជួញដូរ​គ្រឿងញៀន​​ចំនួន ០​៣​នាក់​ ទៅកាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ​ដើម្បី​ចាត់ការតាម​​នីតិវិធីច្បាប់​។​

​លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ធិ​ន​ដេ​ត​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យទាំង ០៣នាក់ គឺមានស្រីម្នាក់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ជាមួយវត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។​

​លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីម៉ោង ០​៦ ​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២១​ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ ​មាន​ករណី​ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​រោង​ស្នាក់​នៅ​ប្រក់​កៅស៊ូ​តង់ ក្បែរ​បេនឡាន​ថ្មី​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ។ ហើយភ្លាមៗ​នោះ​ រូបលោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ ​ចុះ​ទៅ​កន្លែង​នោះ​ ហើយឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម​ស​ថ្លា​ ចំ​នួ​១២​ថង់​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ចាន់​ ស្រី​រ័​ត្ន​ ភេទ​ស្រី​ អាយុ​ ៣៥​ឆ្នាំ​ យក​មក​សួរនាំ​នៅ​ការិយាល័យ។ ហើយជនសង្ស័យ​ ក៏បាន​សារភាព​ថា ​ថ្នាំ​ញៀន​ទាំងនេះ​ ​បាន​ទិញ​ពី​អ្នកលក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ តម្លៃ​ ៤៥០​ដុល្លារ​អា​មេ​រិ​ក​។​

​លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ធិ​ន​ដេ​ត​ បន្ត​ទៀតថា​ ​ដោយ​មានការ​សហការ​ពី​ឈ្មោះ​ ចាន់​ ស្រី​រ័​ត្ន​ បាន​ព្យាយាម​អូស​ទាញ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ទៀត​ នៅ​វេលា​ម៉ោង ០​៣​រសៀល​ថ្ងៃ​ទី​២០​ ខែតុលា​ ​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ យ៉ុ​ម​ ចាន់​នី​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ក្នុង​បរិវេណ​កាស៊ីណូ​ផ្កា​៥​ ស្ថិត​ក្នុងភូមិ​ក្បាល​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ រួច​បន្ត​ទៅ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន ០​៧​ថង់​ លាក់​ទុក​ក្នុង​កេស​ដែក​ ក្នុង​បន្ទប់​ជួល​ស្នាក់​នៅ​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ហើយក៏បាន​ឃាត់ខ្លួន​ឈ្មោះ​ យី​ ផ​ល្លី​ ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​ ៥១​ឆ្នាំ​ ជា​ម្ចាស់​ បន្ទប់​ជួល​ ជា​អ្នក​ដឹក​ជញ្ជូន​ និង​ប្រើប្រាស់​គ្រឿងញៀន​​។​

​លោកស្នងការ​រង​បាន​បញ្ជាក់​បន្ថែម​ថា​ ៖​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ ស្រី​រ័​ត្ន​ បាន​សារភាព​ថា​៖​ ខ្លួន​ធ្លាប់​ជួញដូរ​គ្រឿងញៀន​នេះ​ជា​ច្រើន​លើក​មក​ហើយ​ ចំណែក​ឈ្មោះ​ យ៉ុ​ម​ ចាន់​នី​ សារភាព​ថា​ ខ្លួន​គេ​ជួញដូរ​ថ្នាំ​ញៀន​នេះ​រយៈពេល ០​២​ឆ្នាំ​មក​ហើយ​ដែរ​ និង​ឈ្មោះ​ យី​ ផ​ល្លី​ ក៏​បាន​សារភាព​ថា​ ធ្លាប់​ដឹក​ជញ្ជូន​ថ្នាំ​ញៀន ​ឲ្យ​អ្នក​ដែល​បាន​កុម្ម​ង់​ទិញ​ពី​ឈ្មោះ​ ចាន់ ​នី​ ជាយូរមកហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង