ម្តេចតេជោ ហ៊ុន សែន បើកឲ្យរៀបចំកម្មវិធីប្រជុំ-សម្ពោធ និងបើកដំណើរការសេដ្ឋកិច្ច ឡើងវិញ

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យបើកដំណើរការរៀបចំកម្មវិធីប្រជុំ និងកម្មវិធីសម្ពោធនានា ក៏ដូចជាការអនុញ្ញាតបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយរដ្ឋាភិបាល ប្រកាសផ្អាកក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតធ្ងន់ធ្ងរ។

សេចក្តីសម្រេចនេះ សម្តេច ហ៊ុន សែន បានប្រកាសនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ

 

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីរឿង ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងអស់ផងដែរ។ ត្រង់ចំណុចនេះ សម្តេចរំលេចថា បើសិនជាអនុញ្ញាតឲ្យសិស្សចូលរៀនវិញនោះ បែរជាកម្មវិធីនានា និងដំណើរការសេដ្ឋកិច្ចនៅបិទ គឺជារឿងមិនត្រឹមត្រូវ។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី, ការបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពនានា ដោយសារតែកម្ពុជា បានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ ខណៈដែលដំណើរការចាក់វ៉ាក់សាំងវិញ ក៏បានជោគជ័យយ៉ាងត្រចេះត្រចង់ទៀតផង។

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ-១៩ បានថយចុះ ខណៈការចាក់វ៉ាក់សាំង នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ១៣,៦៤៣,៤១៥នាក់៕

 

អត្ថបទដែលជាប់ទាក់ទង