សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបបទល្មើសកាប់រានដីព្រៃរដ្ឋ ខុសច្បាប់នៅណុចបាតខ្ទះ.

ខេត្តព្រះសីហនុ៖ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ កាលពីវេលាម៉ោង ០២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច ឲ្យដឹងថា នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សចំនួន ៥៨នាក់ កំពុងធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះ ក៏បានណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។

សូមបញ្ជាក់ថា ពេលក្រុមការងារចម្រុះ ចុះទៅពន្យល់អំពីផ្លូវច្បាប់ និងការណែនាំ ក្រុមទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិង្សាដោយគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀតផង។ រហូតដល់ម៉ោង ០៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន ៤៣នាក់ (ស្រី០៨នាក់)។ ក្នុងនោះ បានបញ្ជូនជនសង្ស័យចំនួន ០៦នាក់ ទៅកាន់ស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសួរនាំបន្ត   ដោយឡែក អ្នកពាក់ព័ន្ធចំនួន ៣៧នាក់ទៀត បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់ របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។

យោងតាមចម្លើយ របស់ប្រជាពលរដ្ឋខាងលើ គឺមានទាំងអ្នកក្នុងខេត្ត និងអ្នកក្រៅខេត្ត ត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើនៅចំណុចខាងលើ ដើម្បីយកដីចែកគ្នា។

ទាក់ទិនបញ្ហានេះ មន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដែលញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ព្រោះទង្វើនេះ នឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើស ហើយត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង