អាជ្ញាធរប្រកាសឲ្យពលរដ្ឋ នៅអមស្ទឹងព្រែកត្នោត ត្រូវប្រយ័ត្នពីគ្រោះទឹកជំនន់

រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈខ្ពស់ ដើម្បីបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ដែលអាចជន់លិចជាយថាហេតុណាមួយកើតឡើង ព្រោះនៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលានេះ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងខ្ពស់គួរឲ្យព្រួយបាម្ភ។

សេចក្តីជូនដំណឹង របស់អាជ្ញាធរ រដ្ឋបាលខណ្ឌដង្កោ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្តីពីការត្រៀមបង្ការទឹកជំនន់ ស្ទឹងព្រែកត្នោត បានជម្រាបជូនប្រជាពលរដ្ឋ ដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត រួមមាន៖ សង្កាត់ដង្កោ- សង្កាត់ព្រៃស- សង្កាត់ព្រៃវែង- សង្កាត់ក្រាំងពង្រ- សង្កាត់ស្ពានថ្ម- សង្កាត់ទៀន- សង្កាត់សាក់សំពៅ- សង្កាត់ជើងឯក- សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ សូមបង្កើនការប្រុងប្រយ័ត្ន ព្រោះបច្ចុប្បន្នភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើ ធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខណ្ឌដង្កោ បានប្រកាសថា ដើម្បីជៀសវាងនូវហានិយភ័យ ដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមប្រជាពលរដ្ឋ ដែលរស់នៅតាមដសណ្តស្ទឹងព្រែកត្នោត ត្រូវត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ ដើម្បីជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិត។

ចំណែក ប្រជាពលរដ្ឋមួយចំនួន ដែលមានលំនៅដ្ឋាននៅតាមដងស្ទឹងព្រែកត្នោត នៅតាមសង្កាត់មួយចំនួន នៃខណ្ឌដង្កោ បានឲ្យគេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងនៅល្ងាចថ្ងៃចន្ទ ទី២៥ ខែតុលាថា ពេលនេះទឹកជំនន់ដែលហៀរចេញពីស្ទឹងព្រែកត្នោត បានហូរលិចផ្លូវ និងលំនៅដ្ឋាន របស់ពួកគាត់ ជាបណ្តើរៗហើយៗ ពួកគាត់ មិនមានលទ្ធភាព រកមធ្យោបាយ សម្រាប់ដឹកសម្ភារ របស់ពួកគាត់ ចេញពីលំនៅដ្ឋាន ទៅកាន់ទីតាំងមានសុវត្ថិភាពនោះទេ ពោលគឺមិនអាចចាក់ចេញពីផ្ទះបានឡើយ។

ដោយឡែក ប្រភពពីមន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងដែរថា ទឹកជំនន់ស្ទឹងព្រែកត្នោត ដែលបានហក់ឡើងយ៉ាងគំហុកនេះ គឺបន្ទាប់ពីកាលពីប៉ុន្មានថ្ងៃមុននេះ មានភ្លៀងធ្លាក់ខ្លាំង នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយក្នុងមួយថ្ងៃៗ ទឹកបានហក់ឡើងជាង ១០០មីលីម៉ែត្រ។ ជាពិសេស ទឹកស្ទឹងព្រែកត្នោត- ស្ទឹងស្រែថ្លុង និងស្ទឹងតាសាល សុទ្ធតែបានទទួលរងបរិមាណជំនន់ទឹកភ្លៀងយ៉ាងគំហុក៕

អត្ថបទដែលជាប់ទាក់ទង