សម្ដេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិកលើកទី៩

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃអង្គារ ទី២៦ ខែតុលានេះ បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩ តាមរយៈប្រព័ន្ធ  Online។

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន នូវសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលមានកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ដូចជាទី១ ពាក់ព័ន្ធទៅនឹងកូវីដ-១៩ ដែលសហរដ្ឋអាមេរិកបានផ្ដល់ការគាំទ្រជាច្រើនរួមទាំងមានការជួយសមាជិកអាស៊ាននីមួយៗផងដែរ។

លើសពីនេះទៀត ប្រមុខថ្នាក់ដឹកនាំអាស៊ាន ក៏បានវាយតម្លៃខ្ពស់អំពីការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ ក្នុងនោះប្រមុខថ្នាក់ដឹកនាំអាស៊ាន ក៏បានវាយតម្លៃខ្ពស់អំពីការជម្រុញការបង្កើនពាណិជ្ជកម្ម និងវិនិយោគ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា អាមេរិចនឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២លានដុល្លា ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តទៀត ក្នុងនោះអាមេរិក នឹងបន្តតួនាទីស្នូល របស់អាស៊ាន នៅក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងអាស៊ាន ក៏បានជំរុញនូវកិច្ចសហប្រតិបត្តិការ ទៅលើវិស័យឌីជីថល និងធ្វើយ៉ាងណាឱ្យអាស៊ាន មានសន្តិសុខ និងសន្តិភាព។

នៅឆ្នាំក្រោយនេះ អាស៊ាន និងសហរដ្ឋអាមេរិក នឹងប្រារព្ធខួប ៤៥ឆ្នាំ នៃទំនាក់ទំនង រវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លោកប្រជាធិបតីសហរដ្ឋអាមេរិកក៏បានលើកអំពីអ្វី ដែលអាមេរិកមានជាមួយនឹងអាស៊ាននេះ គឺជាទំនាក់ទំនងរឹងមាំជាពិសេសសហរដ្ឋអាមេរិកប្ដេជ្ញាខ្ពស់បន្តការគាំទ្រដល់អាស៊ាន នឹងបន្តកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន។

ជាមួយគ្នានេះ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ក៏បានប្រកាសជាគោលដៅសហរដ្ឋអាមេរិក នឹងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ០១ពាន់លានដូស នាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានលើកឡើងអំពីតួនាទី របស់អាស៊ាន ក្នុងការសម្របសម្រួល ជាពិសេស ទៅលើកិច្ចសហការសន្តិសុខ។

សូមជម្រាបថា នេះជាលើកដំបូងហើយដែលប្រធានាធិបតី ចូ បៃដិន បានចូលរួមកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩នេះ ហើយមេដឹកនាំអាស៊ាន ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការចូលរួម របស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋមេរិក៕

អត្ថបទដែលជាប់ទាក់ទង