គម្រោងស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ បានបញ្ចប់ជាស្ថាពរហើយៗ..

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងផ្លូវ ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលកម្ពុជា បានស្ថាបនាក្នុងខេត្តព្រះសីហនុ គឺបានបញ្ចប់ជាស្ថាពរហើយៗ ពិធីប្រគល់ទទួលជូនរដ្ឋបាលខេត្តនេះ នឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗនេះ។

ប្រភពដដែល បញ្ជាក់ថា ក្នុងចំណោមផ្លូវទាំង ៣៤ខ្សែ ដែលបានចាក់អ៊ុតជាកៅស៊ូ ក៏មានផ្លូវរណបខ្លះដូចជាផ្លូវឡើង ចុះ(ចំណោតវត្តលើ) ពីសង្កាត់លេខ១ មកសង្កាត់លេខ២ជាដើម គឺមិនមានចាក់ក្រាលកៅស៊ូទេ ពោលគឺប្រើបច្ចេកទេសត្រឹមចាក់បេតុងតែប៉ុណ្ណោះ ប៉ុន្តែបានរៀបចំហេដ្ឋារចនាសម្ពន្ធ័សងខាងផ្លូវ ដូចគ្នា ផ្លូវចាក់ក្រាលកៅស៊ូដែរ។

លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យសារព័ត៌មានក្នុងស្រុកដឹង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ថា ការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ខាងលើនេះ បានបែងចែកជា ០៣គម្រោង ខុសៗគ្នា រួមមាន៖

– គម្រោងទី១ គឺជាគម្រោងផ្លូវ ៣៤ខ្សែ របស់ថ្នាក់ជាតិ (បញ្ចប់គម្រោងហើយ)។

– គម្រោងទី២ គឺគម្រោងរបស់ថ្នាក់ខេត្ត ដែលបច្ចុប្បន្នកំពុងស្ថាបនាជាបន្តបន្ទាប់។

– គម្រោងទី៣ គឺជាជំនួយពីសប្បុរសជន។

លោកបន្តថា ក្រៅពីគម្រោងទាំង ០៣ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងស្វះស្វែងរកថវិកា ដើម្បីជួសជុលស្ថាបនាផ្លូវ ដែលនៅសេសសល់មួយចំនួនទៀត ទាំងក្នុងក្រុងព្រះសីហនុ និងផ្លូវតាមមូលដ្ឋានឃុំ-ស្រុក ទូទាំងខេត្តព្រះសីហនុ។

ដោយឡែក ចំពោះផ្លូវមួយខ្សែ ចន្លោះពីអូរ១ ទៅអូរ៥ ក្នុងសង្កាត់លេខ៤ ដែលបានចាក់ក្រាលជាបេតុងកន្លងមក គឺនៅរក្សាស្ថានភាពដើម និងដាក់ឲ្យប្រើប្រាស់ដដែល ដោយរដ្ឋបាលខេត្តមិនទាន់មានគ្រោងបន្ថែមផ្សេងទេ៕

អត្ថបទដែលជាប់ទាក់ទង