ស្លាប់មនុស្ស​៥នាក់​ និង​របួសធ្ងន់ម្នាក់ ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ រថយន្តបុកគ្នា នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖​ សមត្ថកិច្ចនគរបាលស្រុកមោងប្ញស្សី បានឲ្យដឹងថា យ៉ាងហោចមានជនរងគ្រោះស​ចំនួន ០​៥នាក់ បានស្លាប់​ និងម្នាក់ទៀតរងរបួសធ្ងន់ ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកជាមួយរថយន្ត។

​គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ៅង ០៥ និង​១៥នាទី ថ្ងៃព្រហស្បតិ៍ ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ​នៅចំណុចលើផ្លូវជាតិលេខ៥​ ស្ថិតនៅចំណុច ក្រុមទី០៧​ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ច​បានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះ ​បង្កឡើងដោយរថយន្ត ១​គ្រឿង ម៉ាក​ហ៊ីណូ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-1566 អ្នកបេីកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) និង រថយន្ត ០១គ្រឿងទៀត ម៉ាកនី​សាន់ ​ដឹកទំនិញធុនតូច ពាក់ផ្លាកលេខ បាត់ដំបង 2B-2211 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) និង អ្នករួមដំណើរចំនួន ០៥នាក់ (ស្លាប់០៤នាក់)។

សមត្ថកិច្ច​បន្តថា​ ករណីនេះ​ បានបណ្ដាលឲ្យមានមនុស្សស្លាប់ ០៥នាក់ (ប្រុស) និង របួសធ្ងន់ ០១នាក់ (ប្រុស) ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី​។

ក្រោយពីកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង អធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី បានចុះពិនិត្យទីកន្លែងកើតហេតុ និង ដកហូតវត្ថុតាង រថយន្ត ០២គ្រឿង។

តាមការពិនិត្យកន្លែងកើតហេតុ រថយន្តម៉ាកហ៊ីណូ បានបើកបរពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញទៅបាត់ដំបង) ច្រាសទិសនឹងរថយន្តម៉ាកនីសាន់ ពេលមកដល់ចំណុចកើតហេតុ ក៏បាន​បុកគ្នាតែម្តង​។

យ៉ាងនេះក្តី សមត្ថកិច្ចនៅមិនទាន់បង្ហាញ របាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តើភាគីរថយន្តធុនធំ ឬរថយន្តធុនតូចនោះទេ ជាអ្នកខុសនៅឡើយទេ៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង