នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ​ចូល​បន្លំលួចលុយពលរដ្ឋ​ក្នុងផ្ទះ

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ បន្ទាប់ពីមានគណនីហ្វេសប៊ុក ឈ្មោះ Ly Chhoun (លី ឈូន) បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា មានបុរសជនជាតិខ្មែរ ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-1459 បានបន្លំចូលផ្ទះប្រជាពលរដ្ឋ និងលួចប្រាក់អស់មួយចំនួន រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយទទួល​ដំណឹងខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចាត់ឲ្យកម្លាំងជំនាញ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ​ទើបកម្លាំង​ជំនាញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ភេទប្រុស ជនជាតិខ្មែរ។ ហើយ បន្ទាប់មក ក៏ឈានទៅឃាត់ខ្លួន​ បក្ខពួកជនសង្ស័យ​ ០២នាក់ទៀត​។ ហើយពេលនេះ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីឈានទៅបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់។

ព្រមជាមួយគ្នានេះ លោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​បានអំពាវនាវប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ ​ពេលជួបបទល្មើស ឬហេតុការណ៍ផ្សេងៗ សូមរាយការណ៍​មកកាន់ កម្លាំងនគរបាល ដែលនៅជិត​បំផុត ដើម្បីឲ្យមន្ត្រីនគរបាលជំនាញ ចុះធ្វើការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា​៕

អត្ថបទដែលជាប់ទាក់ទង