រដ្ឋបាលក្រុងព្រះសីហនុ ចុះណែនាំក្រុមហ៊ុន២ទីតាំង ដែលមិនគោរពតាមខិតប័ណ្ណព័ត៌មាន នៃពេលវេលាបញ្ចេញសំរាម

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការអប់រំណែនាំដល់ក្រុមហ៊ុនអាជីវកម្មចំនួន ២ទីតាំង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមិនគោរពតាមខិតប័ណ្ណព័ត៌មាន ស្តីពីពេលវេលាដែលត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុនទៅប្រមូល និងដឹកជញ្ជូនសំរាម ព្រមទាំងមិនបានភ្ជាប់សេវាប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM។

នៅក្នុងការចុះណែនាំនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយ លោក ជួប សីហា ប្រធានការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង តំណាងឱ្យ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ មន្រ្តីបរិស្ថាន មន្រ្តីសាធារណៈការ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWMផងដែរ។

លោក ជួប សីលា បានបញ្ជាក់ថា ពេលវេលាដែលត្រូវបញ្ចេញសំរាម និងពេលវេលាដែលក្រុមហ៊ុនទៅប្រមូល និងដឹកជញ្ជូនសំរាម ក្នុងក្រុងព្រះសីហនុ មានចំនួន ៤៧ខ្សែ ដោយក្នុងនោះផ្លូវចំនួន ២៧ខ្សែ គឺ (មានប័ណ្ណសម្គាល់ពណ៌ក្រហម) ប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៨ព្រឹក។ រីឯផ្លូវចំនួន ២០ខ្សែទៀត គឺ(មានប័ណ្ណសម្គាល់ពណ៌ខៀវ) គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង ៧យប់ ដល់ម៉ោង៣ភ្លឺ ហើយក្រុមហ៊ុនត្រូវទៅប្រមូល និងដឹកជញ្ជូនសំរាមចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង១០ព្រឹក។

លោកបន្តថា ក្នុងករណី ដែលប្រជាពលរដ្ឋបញ្ចេញសំរាមខុសពេលវេលា ដែលបានកំណត់ នៅក្នុងប័ណ្ណព័ត៌មានទាំង ២ពណ៌នេះ នឹងត្រូវផាកពិន័យជាប្រាក់ចាប់ពី ២ម៉ឺនរៀល ដល់៤០ម៉ឺនរៀល (យោងតាមអនុក្រឹត្យលេខ ១១៣)។

ដោយឡែកក្នុងករណី ដែលក្រុមហ៊ុន មិនបានទៅប្រមូល និងដឹកជញ្ជូនសំរាមតាមពេលវេលា ដែលបានកំណត់ក្នុងប័ណ្ណព័ត៌មានទាំង ២ពណ៌នេះ ក្រុមហ៊ុននឹងត្រូវទទួលការពិន័យដូចមានចែងក្នុងកិច្ចសន្យារបស់រដ្ឋបាលក្រុងព្រះសីហនុ។

បន្ថែមលើនេះ ចំពោះក្រុមហ៊ុនណាដែលនៅតែមិនគោរពតាមគោលការណែនាំ របស់អាជ្ញាធរក្រុង ដូចជាអាជ្ញាធរខេត្តទេ យើងនឹងដាក់ពិន័យតាមគោលការណ៍ និងបិទក្រុមហ៊ុននោះតែម្តង។

ជាលទ្ធផលលោក ឡុង ប៊ុនណា តំណាងឲ្យក្រុមហ៊ុន កាឡាក់ស៊ី និងតំណាងក្រុមហ៊ុនរ៉ូអ៉ីទ័រស៊ូយ យល់ព្រមឯកភាពជាមួយក្រុមការងារ ទៅតាមគោលការណ៍ពេលវេលាបញ្ចេញសំរាម និងភ្ជាប់សេវាថ្លៃប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង