ក្រុមអ្នកខ្ចីលុយពីធនាគារ សម្រាប់ពង្រីកមុខរបរ ឬសង់ផ្ទះទុកជួលឲ្យជនជាតិចិន បង្ហាញក្តីអស់សង្ឈឹមព្រោះមិនដឹង​ថ្ងៃណាចិន វិលចូលក្រុងព្រះសីហនុវិញ? ខណៈម្នាក់ៗជំពាក់លុយធនាគារវ័ណ្ឌក..

ខេត្តព្រះសីហនុ៖ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ និងប្រជាពលរដ្ឋភាគច្រើនរស់នៅក្រុងព្រះសីហនុ ដែលមានអចលនទ្រព្យដូចជា៖ អគារ ផ្ទះ និងដី ត្រៀមបម្រុងទុកជួល ឲ្យអ្នកវិនិយោគទុនចិន ជាពិសេស ក្រុមមនុស្ស ដែលទៅខ្ចីលុយពីធនាគារ ដើម្បីពង្រីកមុខរបរ បានបន្តបង្ហាញក្តីអស់សង្ឃឹម ខណៈការទន្ទឹងរង់ចាំអ្នកវិនិយោគទុនចិន វិលចូលមកខេត្តព្រះសីហនុជាថ្មី ហាក់មិនទាន់មានពន្លឺទាល់តែសោះនោះ។

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ និងប្រជាពលរដ្ឋភាគច្រើន បានត្អូញត្អែរថា ពួកគេបានជំពាក់លុយធនាគារ ឬស្ទើរគ្មានលុយសងបំណុលធនាគារនោះទេ បន្ទាប់ពីបានបេះបោចទ្រព្យសម្បត្តិលុយកាក់ ដែលបានសន្សំទុក ជាយូរមកហើយនោះ លក់ដោះបំណុងធនាគារ នៅអំឡុងពេលចុងខែនីមួយៗចូលមកដល់ម្តងៗ។ ហើយគិតមកត្រឹមថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមប្រជាពលរដ្ឋ និងអ្នកជំនួញអចលនទ្រព្យ បានបន្តទន្ទឹងរង់ចាំអ្នកវិនិយោគទុនចិន វិលចូលក្រុងព្រះសីហនុយ៉ាងអន្ទះសារ ព្រោះពួកគេយល់ថា វត្តមានចិនវិលចូលស្រុកជាថ្មី នឹងនាំលាភដល់ពួកគាត់ ព្រោះមានឱកាសជួល អគារ ផ្ទះ ដីធ្លី និងការធ្វើជំនួញដ៏ទៃទៀត ​ទទួលបានប្រាក់ចំណូលខ្ពស់។

សម្រាប់បច្ចុប្បន្នភាព របស់ប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ ដែលមានអចលនទ្រព្យដូចជា៖ អគារ- ផ្ទះ និង​ដី ជាដើម ទុកជួល ឬលក់ ឲ្យអ្នកវិនិយោគទុនចិន ហាក់បន្តបង្ហាញអារម្មណ៍ជ្រួលជ្រើមកាន់ខ្លាំង ជាពិសេសក្រុមមនុស្ស ដែលទៅខ្ចីលុយពីធនាគារ ដើម្បីទិញដីស្តុក​ – សង់អគារ ឬផ្ទះ ទុកជួល​ឲ្យចិន ហើយដែលកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច​ ស្ទើររកលុយបង់ថ្លៃការធនាគារប្រចាំខែ​ពុំបាននោះ គឺសង្កេតឃើញថា តែងអុជធូបបន់ស្រន់ និងបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ធ្វើយ៉ាងណាឲ្យវិនិយោគទុនចិន ឆាប់វិលចូលស្រុកវិញឆាប់ៗនេះ។ ត្បិត រាល់ថ្ងៃនេះ មានប្រជាពលរដ្ឋខ្លះ នៅពេល​ចុងខែចូលមកដល់ម្តងៗ តែង​ចង់ស្ទះដង្ហើម​ស្លាប់​ ដោយសាររកលុយបង់ថ្លៃការធនាគារពុំបាន ទោះបីពួកគាត់បង្ខំចិត្តលក់អចលនទ្រព្យមួយចំនួន ស្ទើររលាយអស់ពីខ្លួនបែបណាក្តី ក៏ស្ទើរទប់ការប្រាក់ធនាគារ​មិនចង់គ្រប់។

ជាក់ស្តែង ជាបន្តបន្ទាប់មកនេះ សង្កេតឃើញប្រជាពលរដ្ឋមួយចំនួន បានបង្ខំចិត្តលក់ឡាយឡុងអចលនទ្យព្យ របស់ខ្លួន ក្នុងតម្លៃទាប ដើម្បីប្រមូលលុយ ​បង់ការប្រាក់ជូនធនាគារ នៅតាមខែនីមួយៗ ទាំងចិត្តទន្ទះសារ ហើយទន្ទឹងរង់ចាំចិនវិលចូលក្រុងព្រះសីហនុវិញ។ ប៉ុន្តែការទន្ទឹងរង់ចាំនេះ ប្រៀបបានដូចផ្កាប់បំពង់រង់ចាំទឹកភ្លៀងអញ្ចឹងដែរ? ព្រោះសំណួរនេះ មិនទាន់មានចម្លើយជាក់លាក់ពីមន្ត្រីជំនាញស្ថាប័នណាមួយនៅឡើយទេ..។

ងាកមក​បច្ចុប្បន្នភាព នៃក្រុងព្រះសីហនុឯណោះវិញ គឺ បន្ទាប់ពី អ្នកវិនិយោគទុនចិន បានចាកចេញពីក្រុងទេសចរណ៍ដ៏ស៊ីវិល័យ ជាប់ឆ្នេរសមុទ្រមួយនេះ​តាំងពីចុងឆ្នាំ២០១៩មក ពេលនេះ គឺសង្កេតឃើញថា សំណង់អគាររាប់ពាន់អគារ ត្រូវបានផ្អាកសកម្មភាពសាងសង់ទាំងស្រុង។ ជាងនេះទៀត ចំពោះសណ្ឋាគារ ឬអគារធំស្កឹមស្កៃ ខុនដូ និងសំណង់ផ្ទះល្វែងជាដើម ដែលសាងសង់រួច និងបើកធ្វើអាជីវកម្មផ្សេងៗ ក៏ត្រូវចាក់សោរបិទទ្វារស្ទើរទាំងស្រុង ដោយម្ចាស់វិនិយោគទាំង បានចាកចេញពីក្រុងព្រះសីហនុអស់គ្មានសល់។

ដោយឡែក សម្រាប់ក្រុមមនុស្ស ដែលទៅខ្ចីលុយពីធនាគារ ដើម្បីពង្រីកមុខរបរ ឬហៅថា ក្រុមមនុស្សឃើញដំរីជុះ ហើយជុះតាមដំរីវិញ ក៏សង្កេតឃើញថា រាល់សកម្មភាពប្រចាំថ្ងៃ របស់ពួកគេ បានផ្លាស់ប្តូរឥរិយាបទប្រចាំថ្ងៃលើសពី ១៨០ដឺក្រេ ដោយផ្លាស់ពីធ្លាប់មានលុយដាក់ ក្នុងកាបូបដៃរាប់ម៉ឺនដុល្លារ ប្តូរមកមកជា នៅក្នុងការបូបដៃ ឬកាបូបស្ពាយ គឺភាគកច្រើនមាន​តែប្រេងខ្យល់ និងប្រេងកូឡា ទុកសម្រាប់ រឺតទ្រូងពេលចុងខែចូលមកដល់ម្តងៗ។

​ពិសេសជាងនេះ ក៏កត់សម្គាល់ឃើញ​ថា ចំពោះក្រុមបុគ្គល ដែលធ្លាប់មានអត្តចរិកក្រអើតក្រទម សំដី អួត ក្អេងក្អាង ឈ្លើយកោងកាច ឬធ្លាប់មានដំណើរបូសឃ្លៀក និងប្រើប្រាស់សម្ភារៈនិយមទាន់សម័យ ដូចជារថយន្ត- ខ្សែក- ខ្សែដៃ ​ដាំពេជ្រស្រោចខ្លួន ក៏បានងាកមកមានសុជីវធម៌ល្អ ឬមានអត្តចិរិតរម្យទម្យជាបណ្តើរវិញ។ ប៉ុន្តែបើនៅក្នុងអំឡុងពេល អ្នកវិនិយោគទុនចិន មិនទាន់ចាកចេញពីក្រុងព្រះសីហនុ នៅមុនចុងឆ្នាំ២០១៩វិញ ​ក្រុមបុគ្គលមួយចំនួន​ដូចបានរៀបរាប់ខាងលើ គឺនៅក្នុងអំឡុងពេល ពួកគេបានជួលអចលនទ្រព្យឲ្យអ្នកវិនិយោគទុនចិន ទទួលបានចំណូកប្រចាំ​ខែខ្ពស់ ចាប់ពីរាប់ម៉ឺន និង រាប់សិបសែន ​ដុល្លារអាមេរិក ក្នុងមួយខែៗនោះ គឺភាគច្រើន បុគ្គលមួយចំនួនោះ តែងបានបង្ហាញអត្តចរិក​ក្រអើតក្រទមបំផុត។

យ៉ាងណាក៏ដោយចុះ ចំពោះបច្ចុប្បន្នភាព ក្រោយ​ក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់លុយ​ឲ្យស្ថាបនាផ្លូវចំនួន ៣៤ខ្សែរ បានស្អាត បំពាក់ភ្លើងបំភ្លឺ លំអដោយសួនច្បារដ៏ស្រស់ត្រកាលរួចមក ជាពិសេសកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យ គេសង្កេតឃើញថា ទាំងម្ចាស់អចលនទ្រព្យ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពិសេសអ្នករស់នៅក្រុងព្រះសីហនុ បានបង្ហាញការស្វាគមន៍ និងបង្ហាញអារម្មណ៍រីករាយបំផុត។

ទន្ទឹមគ្នានេះ ក៏ឃើញមានវត្តមានភ្ញៀវទេសចរជាតិ- អន្តរជាតិ និងអ្នកវិនិយោគទុនចិន ឬជនជាតិចិន បានបង្ហាញវត្តខ្លួន នៅក្នុងក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ​ជាបណ្តើរៗ​ហើយដែរ ដោយឃើញបើកដំណើរការអាជីវកម្មផ្សេងៗដូចជា៖ កាស៊ីណូ- ភោជនីយដ្ឋាន – ក្លឹបកម្សាន្ត និងលក់ដូរគ្រឿងអេឡិចត្រូនិចផ្សេងៗជាដើម។

ចំណែក ប្រជាពលរដ្ឋ ឬអាជីវករ ដែលធ្លាប់បានជួលផ្ទះ អគារ និងដី ទៅឲ្យអ្នកវិនិយោគទុនចិន ទទួលបានប្រាក់ចំណូលខ្ពស់កន្លងមក, បច្ចុប្បន្ននេះ ក៏បានងាកទៅប្រកបរមុខរបរ ដែលខ្លួន ធ្លាប់​បើក​ធ្វើអាជីវកម្មដោយខ្លួនឯងកន្លងមកនោះដើមវិញ។ និយាយរួម នៅមុនវត្តមានអ្នកវិនិយោគទុន​ជនជាតិចិន ចូលមកក្រុងព្រះសីហនុ ប្រកបមុខរបរអ្វី ពេលនេះ ពួកគាត់ បានងាកទៅប្រកបមុខរបរ​ទាំងនោះដូចដើមវិញជាបណ្តើរហើយ បន្ទាប់ពី ចិន បានរត់ចោលផ្ទះ ឬអគារ ដែលពួកគេជួល ហើយមិនបានបងថ្លៃជួល ​តាំងពីចុងឆ្នាំ​២០១៩ បន្តមកដល់ដើមខែវិច្ឆិកា ឆ្នាំ​២០២១នេះ៕ ដោយ៖ ដែន អយុធ្យា

អត្ថបទដែលជាប់ទាក់ទង