នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ គំរាមថានឹងសម្លាប់ឪពុកខ្លួនឯង

ខេត្តកណ្ដាល ៖ កម្លាំងនគរបាល​ស្រុកស្អាង ​បានឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីផឹកស្រាស្រវឹងរករឿងឪពុកខ្លួនឯង ឈានដល់គំរាមថា នឹងសម្លាប់ឪពុក​របស់ខ្លួនថែមទៀតផង។ ករណីនេះ​ បានកើតឡើង កាលពីម៉ោង ០៨ និង​៣០នាទី ថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅចំណុចភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល​។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ឆុន ឆេង ភេទប្រុសអាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កេីត)​។ រីឯជនសង្ស័យ ឈ្មោះ ឆេង ប៊ុនឈឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានផ្ទុកនូវសារធាតុញៀន) មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កេីត)​។

ចំណែកឯវត្ថុតាងចាប់យកបានរួមមាន៖

១- ស្ន ផ្លែ០៥ ចំនួន០១​ផ្លែ- ដែក ដងឬស្សី មានប្រវែង ២.១០ម (ផ្លែដែកមានប្រវែង ៣០ស.ម និងដងមានប្រវែង១.៨០ស.ម)​។

២- កាំបិតផ្គាក់ចំនួន ០១ផ្លែដែកដងឫស្សី មានសរុបប្រវែង១.ម (ផ្លែដែកមានប្រវែង ៣៥ស.ម ដងមានប្រវែង៦៥ស.ម)​។

មន្ត្រីនគរបាល បន្តថា​ កន្លងមកឲ្យតែជនសង្ស័យផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿង និងគំរាមកំហែងកាប់សម្លាប់ជនរងគ្រោះជាឪពុកជាញឹកញាប់។ ហើយមកដល់ថ្ងៃកើតហេុត គឺថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០២១ ​ជនរងគ្រោះ បានវិលពី​ទិញម្ហូប​នៅផ្សារ ហើយវិលត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែជនសង្ស័យ បានស្រែកឡូឡាជេរប្រមាថ នឹងគំរាមកំហែង​ និងយកកាំបិតផ្គាក់ និងស្ន បម្រុងយកមកកាប់ និងចាក់សម្លាប់ជនរងគ្រោះ។

ប្រភពដដែលបន្តថា ដោយទ្រាំ និងទង្វើ របស់ជនសង្ស័យ ដែលត្រូវជាកូនបង្កើត ហើយញៀនថ្នាំខាងលើនេះ មិនបាន ទើបជនរងគ្រោះ ក៏បាន ទូរស័ព្ទរាយការណ៍ទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ ឲ្យជួយអន្តរាគមន៍។ ហើយភ្លាមៗ ក្រោយ​បាន​ទទួល​ព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកគយ ក៏បានសហការជាមួយផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ រួមជាមួយ​វត្ថុតាង មកកាន់ប៉ុស្តិ៍ព្រែកគយ ដើម្បីធ្វើការសាកសួរ​ និងឈានទៅបន្តនីតិវិធីតាមច្បាប់៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង