ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភប្រាក់២លានរៀល ជួយសង្គ្រោះទារកទើបសម្រាលម្នាក់ ហើយមានជំងឺសួតធ្ងន់ធ្ងរ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកានេះ បានបន្ត្តចាត់តំណាងនាំយកថវិកាចំនួន ០២លានរៀល ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលប្រពន្ធទើបសម្រាលកូនខ្ចី ប៉ុន្តែទារកទើបសម្រាលនេះ មានជំងឺរលាកសួតធ្ងន់ធ្ងរ កំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បុរសជាប្តី្ថក្នុងគ្រួសារមួយនេះ  មានមុខរបរជាកងសន្តិសុខក្រុមហ៊ុនឯកជន ហើយខ្វះខាតថវិកា សម្រាប់ឲ្យពន្ធសម្រាលកូន និងព្យាបាលកូន របស់គាត ហើយក៏បានលេចឮដំណឹងក្រៀមក្រំនេះ ទៅដល់ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ។ ហើយភ្លាមៗនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់តំណាងឲ្យយកប្រាក់ ០២លានរៀល ទៅឧបត្ថម្ភជូនភ្លេត..។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រួសារក្រីក្រនេះ បុរសជាប្តីឈ្មោះ សំ កុសល ធ្វើការជាសន្តិសុខឯកជន និងប្រពន្ធ ឈ្មោះ ប៉ែន វិសាល ជាមេផ្ទះ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ហើយទារកដែលទើបសម្រាល មានជំងឺរលាកសួត ធ្ងន់ធ្ងរ ត្រូវការថវិកា ដើម្បីជួយសង្គ្រោះបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ការនាំយកថវិកា ០២លានរៀល ទៅជួយឧបត្ថម្ភគ្រួសារខាងលើនេះ គឺជាការចូលរួមចែករំលែកការលំបាក របស់ពួកគាត់ សម្រាប់យកទៅចំណាយថ្លៃសម្រាលកូន និងព្យាបាលជំងឺទារក ដែលកំពុងសង្គ្រោះព្យាបាលនេះ។

ងាកមក ឪពុកម្តាយទារករងគ្រោះ ក៏បានថ្លែងអំណរអរគុណ ចំពោះ ទឹកចិត្តមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភថវិកាចំនួន ០២លានរៀល សម្រាប់ការព្យាបាលជំងឺកូន របស់គាត់នាឱកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង