អាជីវករនិងភ្ញៀវទេសចរ សោកស្តាយដើមឈើ​ដុះ នៅតាមឆ្នេរអូរឈើទាល ត្រូវអាជ្ញាធរខេត្តព្រះសីហនុ កាប់បំផ្លាញចោល!

ខេត្តព្រះសីហនុ៖ អាជីវករ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហាញការសោកស្តាយ ដែលមន្ទីរទេសចរណ៍ ក៏ដូចជារដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ​បញ្ជូនបុគ្គលិកកម្មករសំអាតឆ្នេរ ចុះកាប់ដើមឆ័ត្រ ឬដើមតាប៉ាង ដែលដុះនៅតាមឆ្នេរអូរឈើទាលបំផ្លាញចោលស្ទើរគ្មានសល់ ក្រោមហេតុផល ​ដើម្បីងាយស្រួលសំអាតឆ្នេរ​រឲ្យមានសោភ័ណភាព អនាម័យ និងបរិស្ថាន​ល្អ..។

ភ្ញៀវទេសចrជាតិ បានបង្ហាញការខកចិត្ត ដែលអាជ្ញាធរទៅកាប់ដើមឈើ ដែលដុះនៅតាមឆ្នេរអូរឈើទាល ​សម្រាប់បាំងម្លប់ ​រនាំងបាំងខ្យល់ ឬទប់ឆ្នេរកុំឲ្យរលកសមុទ្រហូរច្រោះ បែរជាត្រូវអាជ្ញាធរ នៃរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឲ្យកម្មករ​ចុះកាប់ចេញពីឆ្នេរអូរឈើទាលស្ទើររលាយហិនហោច ក្នុងប៉ុន្មានកន្លងមកនេះ។

​ចំណុចនេះ ភ្ញៀវទេសចរជាតិ និងអាជីវករឆ្នេរអូរឈើទាល ក៏បានសំណូមពរដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គួរបញ្ឈប់សកម្មភាពរបស់កម្មករ ដែលចុះកាប់ដើមឆ័ត្រ ឬដើមតាប៉ាង ដែលដាំដុះ នៅតាមឆ្នេរអូរឈើទាលនោះចោលអី ត្បិតដើមឈើទាំងនេះ វាមានប្រយោជន៍​ផ្តល់ម្លប់ ឬធ្វើជារនាំងបាំងខ្យល់ និងការពារ​ កុំឲ្យទឹករល​កបោក​បាក់ឆ្នេរសមុទ្រជាដើម។

​ក្រុមអាជីវករមួយចំនួន ដែលមាន​ហាងលក់ដូរនៅតាមឆ្នេរអូរឈើទាល ​បានបង្ហាញការហួសចិត្ត កាលបើថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ នៃ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជូនកម្មករសំអាតឆ្នេរសមុទ្រ ឲ្យយកម៉ាស៊ីនត្រង់សឺន័រ មកអាកាត់ផ្តួលរំលំដើមឆ័ត្រ ឬដើមតាប៉ាង ដែលដើមឈើខ្លះ ពួកគាត់បានដាំចន្លោះពីជិត ១០ឆ្នាំ ទៅជិត ២០ឆ្នាំកន្លងមកនេះ​​ចោលបែបនេះទេ។ ហើយថា ហេតុផល កាប់ដើមឈើដើម្បីសំអាតឆ្នេរសមុទ្រឲ្យមានអនាម័យ និងសោភ័ណភាពនោះ គឺនៅឆ្នេរសមុទ្រមុខហាងពួកគាត់ គឺមានកម្មករបោសសំអាតជារៀងរាល់ថ្ងៃ មិនឲ្យមានសំរាមនៅលើឆ្នេរសមុទ្រនេះទេ។ ព្រោះការទុកដើមឈើទាំងនេះ ​បានផ្តល់ម្លប់ជូនភ្ញៀវទេសចរជ្រក ឬអង្គុយលម្ហែនៅតាមឆ្នេរខ្សាច់ផង ធ្វើ​ជារនាំបាំងរលកសមុទ្រផង និងការពារខ្យល់បោកបក់ផង។

ក្រុមអាជីវករទាំងនោះ សម្តែងការសោកស្តាយ ដែលថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ​បញ្ជូនកម្មករ​មកកាប់បំផ្លាញដើមឆ័ត្រ ឬដើមតាប៉ាង ដែលពួកគាត់បានដាំជាច្រើនឆ្នាំ សម្រាប់ជារនាំងបាំងខ្យល់ និងរលកសមុទ្រកុំឲ្យបាក់ច្រាំង បែរជាត្រូវកាប់បំផ្លាញចោល​ទៅវិញ?។

យ៉ាងនេះក្តី ក្រុមបុគ្គលិកកម្មករសំអាតឆ្នេរ ដែលចុះទៅអារផ្តួលរំលំដើមឆ័ត្រ ឬដើមតាប៉ាងនៅឆ្នេរអូរឈើទាល ​បានឲ្យដឹងថា ​ពួកគេ ត្រូវបានថ្នាក់ដឹកនាំ របស់ខ្លួន តម្រូវឲ្យចុះមកកាប់ដើមឈើ​ ដែលដុះនៅតាមឆ្នេរអូរឈើទាលចោលទាំងអស់ ដើម្បីសំអាតឆ្នេរនេះ ឲ្យមាន​សោភ័ណភាព អនាម័យ និងបរិស្ថានល្អ។ ដូច្នេះពួកគេ ត្រូវតែកាប់ដើមឈើទាំងនោះចោល ព្រោះជាបញ្ជាថ្នាក់លើ​ត្រូវតែអនុវត្តឲ្យ​បានល្អ៕

អត្ថបទដែលជាប់ទាក់ទង