សម្តេច ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជា ទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប ៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៨ នៅវិមានឯករាជ្យ គឺក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យ ដ៏ពិតប្រាកដនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង