ជនជាតិ​ចិន​ម្នាក់​ ដែល​ត្រូវ​​​គេ​ឆបោក​ពី​ប្រទេស​ចិន​ ឱ្យមក​ធ្វើការ​នៅ​​កម្ពុជា​​ ត្រូវ​នគរបាល​ខេត្តពោធិ៍សាត់​ ជួយ​សង្គ្រោះ​ហើយ!

(​បកប្រែ​ក្រៅផ្លូវការ​)
​សួស្តី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខ្ញុំ​គឺជា​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​គេ​ឆបោក​ពី​ប្រទេស​ចិន​ ឲ្យ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​អ៊ីនធឺណិត​ (Internet​ Investment​ Park)​ នៅ​ខេត្តពោធិ៍សាត់​។​ នៅ​ទី​នេះ​ មាន​គេ​ឱ្យ​ខ្ញុំ​កុហក​អ្នក​ដទៃ​ ប៉ុន្តែ​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​និយាយ​នោះ​ទេ​។​ ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​ការ​សង្គ្រោះ​ដោយ​សម្ងាត់​ អស់​រយៈពេល​ជាង​ ២​ខែ​មក​ហើយ​ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណឹង​នោះ​ឡើយ​។​ បច្ចុប្បន្ន​ ខ្ញុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​ពុំ​អាច​ទៅ​ធ្វើការ​បាន​នោះ​ទេ​ ខ្ញុំ​បាត់បង់​តម្លៃ​សម្រាប់​ពួក​គេ​ហើយ​ ។​ មនុស្ស​ម្នាក់​អ្នក​ដែល​ធ្លាប់​បាន​កុហក​ខ្ញុំ​នោះ​ និយាយ​ថា​នឹង​លក់​ខ្ញុំ​ឱ្យទៅ​អ្នក​ដទៃ​ …​ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់​ និង​គ្មាន​ជំនួយ​ទេ​។​ ខ្ញុំ​សង្ឃឹមថា​ សម្ដេច​ អាច​ជួយ​សង្គ្រោះ​ខ្ញុំ​បាន​។​

​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ធ្វើ​ចំណាត់ការ​ករណី​នេះ​ជូន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ជា​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ជំនាញ​។​

​យោង​តាម​របាយការណ៍​បឋម​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​បញ្ជាក់​ថា​ អនុវត្ត​តាម​បទបញ្ជា ​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ ​កាលពី​ព្រឹក​ថ្ងៃ​ច​ន្ទ័​ ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ និង​ធ្វើការ​បំពេញ​នីតិវិធី​ជំនាញ​ពាក់​ព​ន្ធ័​ ព្រមទាំង​ធ្វើការ​ប្រគល់​-​ទទួលយក​ជន​រង​គ្រោះ​ ជា​ជនជាតិ​ចិន​ ម្នាក់​ឈ្មោះ​ Xiong​ Liqiang​ អាយុ​ ២៣​ឆ្នាំ​ នៅ​ចំណុច​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ ស្ថិត​នៅ​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​ មានការ​សម្របសម្រួល​ និង​ចូលរួម​ដោយ ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ និង​បុគ្គល​តំណាង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ផង​ដែរ​​។​

បច្ចុប្បន្ន ​​ជន​រង​គ្រោះ​ខាងលើ​ ត្រូវ​បាន​ប្រគល់​ជូន​ជំនាញ ​ផែនការ​ងារ​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​វិធានការ​ជំនាញ​ស្រប​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង