លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ២ក្បាលទៀត លែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន ០២ក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ។ ហើយការលែងលើកនេះ គឺជាការលែងសត្វល្មិចឬអណ្តើកសមុទ្រ លើកទី១២៨ របស់លោកហើយ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រប់ពេលដែលរូបលោក នាំយកសត្វល្មិចឬអណ្តើកសមុទ្រ ទៅ​រលែងក្នុងសមុទ្រវិញ គឺរូបលោកបានកឹបសៀល នៅលើសត្វកម្រប្រភេទនេះ ស្របទៅតាមបច្ចេកទេស ដើម្បីសម្គាល់សត្វល្មិចឬអណ្តើកសមុទ្ រដែលត្រូវបានធ្វើការអភិរក្ស និងជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាលក្ខណៈអន្តរជាតិ។ ហើយថា ចំពោះសៀល ដែលកឹបនៅលើសត្វល្មិច ឬអណ្តើកសមុទ្ រលើកនេះគឺ KH 0388 និងKH 0389។

​លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តនៅក្នុងពិធីលែងសត្វអណ្តើកសមុទ្រថា ការកឹបសៀលសម្គាល់បែបនេះ វាមានសារៈសំខាន់​ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ព្រោះប្រសិនបើអ្នកនេសាទសមុទ្រ នេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់ គឺអ្នកនេសាទនៅក្នុងប្រទេសកម្ពុជាយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹង​លែងសត្វទាំងនេះ ចូលក្នុងសមុទ្រវិញ ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

លោកឧកញ៉ាបន្តថា ជាបន្តបន្ទាប់មកនេះ គឺនៅពេលអ្នកនេសាទ​សមុទ្រ នេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ គឺពួកគាត់ តែងបាននាំយកមកប្រគល់ជូនរូបលោក ដើម្បីឲ្យរូបលោកកឹបសៀល ឬ​លែងចូលទៅក្នុងសមុទ្រវិញ។

ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការ របស់​ប្រជានេសាទទាំងអស់ ដែលបានចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ជាមួយរូបលោក ក៏ដូចជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់ និងបន្តរហូតមកដល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង