សម្ដេច ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវ៉ានី

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Janez Jansa នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវ៉ានី និងជាប្រធានប្តូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្របអាស៊ីអឺរ៉ុប និងអាស៊ានផងដែរ។

នៅក្នុងក្របខណ្ឌទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម Janez Jansa បានឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមាន៖ វិស័យសេដ្ឋកិច្ច- វិស័យពាណិជ្ជកម្ម- វិស័យទេសចរណ៍- វិស័យសុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះ ឱ្យទទួលបានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេស នៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នា ធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប សម្ដេចតេជោ និង លោក Janez Jansa បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះដែរ លោក Janez Jansa ក៏បានគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវានី ហើយសម្ដេចក៏បានទទួលយក នូវការអញ្ជើញនេះ ហើយសម្តេច បានជម្រាបជូន លោកនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសស្លូវ៉ានី នៅដើមឆ្នាំក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង