ម្ចាស់អាជីវកម្មមួយចំនួន នៅក្រុងព្រះសីហនុ មិនទាន់វេចខ្ចប់​សំណល់ ឲ្យបានត្រឹមត្រូវទេ

ខេត្តព្រះសីហនុ៖ មន្ត្រី​​នាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ ជាពិសេសប្រតិបត្តិករមួយចំនួន ដែល​ធ្វើអាជីវកម្មផ្សេងៗ នៅក្នុងក្រុងព្រះសីហនុ ​នៅមិនទាន់បានចូលរួមវេចខ្ចប់ ឬទុកដាក់សំរាម ឲ្យបានត្រឹមត្រូវតាមពេលម៉ោង បញ្ចេញសំរាម ស្របតាមការណែនាំ របឹស់អាជ្ញាធរក្រុងខេត្តនៅឡើយទេ ដោយបន្តបញ្ចេញកាកសំណល់ផ្ទះបាយ ឬកាកសំណល់​ផ្សេងៗមកដាក់នៅលើផ្លូវថ្មើជើង ឬកម្រាលថ្មក្រានីតជាដើម នាំឲ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់ ក្នុងក្រុងព្រះសីហនុ។
ផ្តើមពីបញ្ហានេះ ទើបក្រុមការងារចម្រុះ របស់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់​អាជីវកម្មនានា ត្រូវវេចខ្ចប់កាកសំណល់សំរាម ឬ​បញ្ចេញកាក់សំណល់ នៅតាមទីតាំងរៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ របស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM បានដាក់ចេញ។
មន្ត្រីដដែល បញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះអប់រំណែនាំដល់អ្នកគ្រប់គ្រងសណ្ឋាគារកាស៊ីណូ វ៉ាងឆាវ ដែលទីតាំងបើកធ្វើអាជីវកម្មមួយនេះ បានបញ្ចេញសំរាម និងកាកសំណល់ផ្ទះបាយខុសម៉ោងពេល ​ផ្ទុយពីការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM។
​ក្រុមការងារចម្រុះ បញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ សណ្ឋាគា-កាស៊ីណូ វ៉ាងឆាវ ​មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) ភូមិ៤ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ ធ្លាប់បានបញ្ចេញសំរាម និងកាកសំណល់ផ្ទះបាយខុសម៉ោងពេល និងមិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវទេ បណ្តាលឱ្យហៀរទឹកស្អុយប្រឡាក់ពាសពេញផ្លូវថ្មើរជើង(កម្រាលថ្មក្រានីត) ហើយធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភ័ណភាពក្នុងក្រុងទេសចរណ៍មួយនេះធ្ងន់ធ្ងរ។
​នាឱកាសនោះ ក្រុមការងារចម្រុះ ក៏បានតម្រូវឲ្យអ្នកគ្រប់គ្រងកាស៊ីណូវ៉ាងឆាវ ត្រូវប្រមូល​និងវេចខ្ចប់កាកសំណល់ របស់ខ្លួន យកទៅទុកដាក់ឱ្យបានត្រឹមត្រូវ និងតម្រូវឱ្យ​លាងសម្អាតកម្រាលថ្មក្រានីត ឱ្យស្អាតឡើងវិញ។ ជាងនេះទៀត ក៏បាន​អប់រំដល់ម្ចាស់កាស៊ីណូខាងលើ ត្រូវបញ្ចេញសំរាម តាមម៉ោងកំណត់ របស់​អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM ឲ្យបានត្រឹមត្រូវឡើងវិញ។ ហើយ​ក្នុងករណីម្ចាស់កាស៊ីណូវ៉ាងឆាវ មិនអនុវត្តតាមការណែនាំ របស់អាជ្ញាធរទេ គឺក្រុមការងារចម្រុះ នឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយ​ផាកពិន័យ ​គ្មានការលើកលែងនោះទេ៕​
អត្ថបទដែលជាប់ទាក់ទង