ក្រុមការងារចម្រុះ ចុះណែនាំ​ម្ចាស់អគារ​កំពុងសាងសង់ ដែលដឹកសម្ភារសំណង់ ធ្វើឱ្យបែក​ថ្មក្រានីត

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងអគារកំពុងសាងសង់មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលដឹកឥដ្ឋ ខ្សាច់ គ្រួស និងសម្ភារសំណង់ បើកលើថ្មក្រានីត ជាផ្លូវសាធារណៈ របស់រដ្ឋបណ្ដាលឲ្យបែកថ្មក្រានីតអស់ចំនួន១៩០ ម៉ែត្រការ៉េ។

សកម្មភាពខាងលើនេះ បានធ្វើឡើងកាលពីព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយ លោក ជួប សីហា ប្រធានការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង តំណាងឱ្យ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីមន្ទីរបរិស្ថាន និងមន្រ្តីមូលដ្ឋានផងដែរ។

នាឱកាសនោះ លោក ជួប សីហា បញ្ជាក់ថា ចំពោះទីតាំងខាងលើនេះ គឺ រដ្ឋបាលក្រុងព្រះសីហនុ បានចុះណែនាំជាច្រើនលើកច្រើនសាររួចមកហើយៗ ពេលនេះ គឺជាលើកចុងក្រោយ ដែលរដ្ឋបាលក្រុង ត្រូវចុះផ្អាករាល់ការងារសាងសង់នៅក្នុងការដ្ឋាននេះទាំងអស់។ ហើយម្ចាស់ការដ្ឋាននេះ ក៏ត្រូវរៀបចំទុកដាក់សម្ភារសំណង់ ឬសម្ភារផ្សេងៗ ឲ្យបានត្រឹមត្រូវ (គឺនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន) ដោយមិនអនុញ្ញាតឲ្យដាក់លើថ្មក្រានីត ជាផ្លូវសាធារណៈ របស់រដ្ឋបន្តទៅទៀតទេ។

ជាមួយគ្នានេះ ម្ចាស់ទីតាំងខាងលើ ​ត្រូវតែសហការជាមួយកងវិស្វកម្មកងលេខ១៧៨ ស្ពានថ្នល់ ដើម្បី​រៀបចំថ្មក្រានីត ឲ្យបានស្អាតដូចដើមឡើងវិញ មានទំហំ ១៩០ម៉ែត្រការ៉េ (សាងសង់ថ្មី)។

លោក ជួប សីហា បន្តថា ចំពោះ​ករណីនេះ ប្រសិនបើម្ចាស់ទីតាំងខាងលើ មិនគោរពតាម​ការណែនាំ របស់អាជ្ញាធរទេ គឺក្រុមការងារចម្រុះ រដ្ឋបាលក្រុងព្រះសីហនុ នឹង​​អនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយមិនលើកលែងឲ្យទេ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង