ក្រុមអាជីវករស្វាគមន៍ ចំពោះការផ្លាស់ប្តូរតំណែង លោក សុខ សំណាង ចេញពីស្នងការនគរបាលខេត្តតាកែវ
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ មួយលេខ៥២៥ អនក្រ.ភត ស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចនៅក្នុងមាត្រា១ ផ្ទេរ និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ សុខ សំណាង អត្តលេខ០២១២១ ពីស្នងការនគរបាលខេត្តតាកែវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម។
លោក សុខ សំណាង ត្រូវជាប្អូនប្រុសបង្កើត របស់លោកឧត្ដមសេនីយ៍ សុខ ផល អតីតអគ្គរងស្នងការនគរបាលជាតិ ដែលសព្វថ្ងៃជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ លោក សុខ សំណាង ជាអ្នកស្រុករស់នៅស្រុកគិរីវង់ ខេត្តរតាកែវ ដោយផ្ទាល់តែម្ដង។ ហើយប្រជាពលរដ្ឋមួយចំនួន រស់នៅខេត្តតាកែវ បញ្ជាក់ថា លោក សុខ សំណាង គឺជាមនុស្សម្នាក់និយមចូលចិត្តល្បែងបញ្ជល់មាន់ជាខ្លាំង។
ប្រភពពីអាជីវករខេត្តតាកែវ បានឲ្យដឹងថា លោក សុខ សំណាង នៅក្នុងអំឡុងពេលកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ រយៈពេល ០៥ឆ្នាំកន្លងមកនេះ គឺបានធ្វើឲ្យប្រជាពលរដ្ឋ ដែលប្រកបមុខរបររកស៊ីដឹកទំនិញ ចេញ-ចូល តាមច្រកព្រំដែនកម្ពុជា-វៀតណាម មិនសូវសប្បាយចិត្តនោះទេ។ ត្បិតអតីតស្នងការរូបនេះ បានបង្កើតបក្ខពួក ដើម្បីធ្វើសេដ្ឋកិច្ច និងមានការគាបសង្កត់ពួកគេ នាពេលកន្លងមក។ ដូច្នេះចំពោះការដកតំណែង ឬផ្លាស់ប្តូរតួនាទី លោក សុខ សំណាង ចេញពីស្នងការនគរបាលខេត្តតាកែវ របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងតក់ក្រហល់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ធ្វើឱ្យក្រុមអាជីវករពួកគាត់ មានការស្បាយចិត្ត និងរីករាយជាខ្លាំង និងគាំទ្រ ចំពោះការសម្រេចដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ។
ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចមានប្រភពទាក់ទង លោកឧត្ដមសេនីយ៍ទោ សុខ សំណាង អតីតស្នងការនគរបាលខេត្តតាកែវ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ របស់ក្រុមអាជីវករមួយចំនួន នៅខេត្តតាកែវ បានទេ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ ហើយចំពោះ តំណែងស្នងការនគរបាលខេត្តកែវថ្មី ដែលត្រូវមកជំនួស លោក សុខ សំណាង ក៏មិនទាន់ដឹងថា មន្ត្រីនគរបាលជាន់ខ្ពស់រូបណា នឹងមកជំនួសនៅឡើយដែរ៕