​ភ្ញៀវទេសចរ ចាប់ផ្តើមបង្ហាញវត្តមានច្រើនកុះករ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រតិបត្តិករ និងអាជីវករ​លក់ដូរចំណីអាហារនៅខេត្តព្រះសីហនុ បង្ហាញអារម្មណ៍រីករាយ ​ព្រោះ​សង្កេតឃើញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ បាន​ចូលមកកម្សាន្តក្នុងក្រុងទេសចរណ៍​មួយនេះ មានកំណើនកើនខ្ពស់​ ​ចាប់តាំងពី​ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេស និងដាក់ដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យដំណើរ ការឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២១រួចមក។

អាជីវករភាគច្រើន​ នៅតាមឆ្នេរអូរឈើទាល បានឲ្យដឹងថា ស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ​គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានភ្ញៀវទេសចរជាតិ​តយ៉ាងច្រើនកុះករ ចូលទៅកម្សាន្តនៅតាមឆ្នេរអូរឈើទាល​ ជាពិសេសនៅពេលល្ងាច និង​ពេលយប់។ ចំណែក ភ្ញៀវអន្តរជាតិ គឺភាគច្រើនឃើញមា​ភ្ញៀវជនជាតិចិន និងវៀតណាម ប៉ុន្តែភ្ញៀវមកពីអ៊ឺរ៉ុប មិនទាន់​បង្ហាញវត្តមានទេ។

អាជីវករបន្តថា ភ្ញៀវទេសចរជាតិ ដែលចូលទៅកម្សាន្តនៅតាមឆ្នេរអូរឈើទាលរាល់ថ្ងៃនេះ គឺពួកគាត់បានធ្វើដំណើរមកពីគ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា។ ចំណែកភ្ញៀវទេសចរ ជនជាតិ និងវៀតណាម គឺភាគច្រើន ​ជាអ្នកចូលមករកស៊ី និងកំពុងធ្វើការងារ នៅក្នុងក្រុងព្រះសីហនុផ្ទាល់តែម្តង។

​លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានទទួលស្គាល់ថា ចរន្តភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តព្រះសីហនុ ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ​២០២១នេះ ​គឺមានចំនួនកើនច្រើន គួរឲ្យកត់សម្គាល់។ ​លោកបន្តថា​ រាល់ថ្ងៃនេះ ទាំងសេវាស្នាក់នៅ រមណីយដ្ឋាន អាហារដ្ឋាន និងសេវាទេសចរណ៍នានា នៅ​ក្រុងព្រះសីហនុ បានបើកដំណើរការទទួលភ្ញៀវទេសចរ ជាបណ្តើរៗវិញហើយៗ បានអនុវត្តស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល​។

​ក្រសួងទេសចរណ៍ ក៏បានបង្ហាញរបាយការណ៍ អំពីចរន្តភ្ញៀវទេសចរ បានបន្តកើន​ច្រើន​ ចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុប​ ១៧ម៉ឺន ៤ពាន់ ៥៤៣នាក់ (១៧៤,៥៤៣នាក់)។ ក្នុងនោះភ្ញៀវទេសចរជាតិ មានជិត ១៧ម៉ឺននាក់ (១៦៩,៥៣២នាក់) និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួនជាង ៥ពាន់នាក់ (៥,០១១នាក់)។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានគោលដៅទេសចរណ៍សំខាន់ៗចំនួន ០៥ ដែលភ្ញៀវទេសចរ បានចូលទៅកម្សាន្ត នាដើមខែវិច្ឆិកានេះ ​រួមមាន៖

– ខេត្តព្រះសីហនុ ទទួលបានភ្ញៀវ ៣៧,៦៤១ នាក់

– រាជធានីភ្នំពេញ ទទួលបានភ្ញៀវ ៣៥,២១០ នាក់

– ខេត្តកំពត ទទួលបានភ្ញៀវ ១៦,៥០១ នាក់

– ខេត្តសៀមរាប ទទួលបានភ្ញៀវ ១៥,១០០ នាក់

– ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវ ១០,៤៤៧ នាក់។

លោក ថោង ខុន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ទោះបីដើមខែវិច្ឆិកានេះ ពុំមានថ្ងៃឈប់សម្រាក​បុណ្យជាតិបែបណាក្តី ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុង ឬភ្ញៀវទេសចរនៅក្នុងស្រុក បានសកម្មចេញដើរកម្សាន្ត នៅថ្ងៃចុងសប្តាហ៍។ ព្រោះថាបច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ ខណៈ​មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំ​​ទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរ នៅ​ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក ខាងមុខផងដែរ។

ដោយឡែក ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ លោក ថោង ខុន បានកត់សម្គាល់ថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរ គឺមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានា កាន់តែសកម្ម ជាពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេល​ថ្នាក់ដឹកនាំ នៅតាមរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍​នៅទូទាំងប្រទេស បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទាំងនោះ៕​

អត្ថបទដែលជាប់ទាក់ទង