ពលករខ្មែរ២៥នាក់ យកអាកុលលាយតែអូអ៊ិឈិ លាយជាមួយទឹកក្រូច ផឹកពុលស្លាប់​៧នាក់ និងកំពុងសង្គ្រោះជាង១៨នាក់

ខេត្តបន្ទាយមានជ័យ​៖ គេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយថា យ៉ាងហោចមានពលករខែ្មរ ទើបវិលត្រលប់ មកពីប្រទេសថៃ ចំនួន ២៥​នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌល​កូបធំ ក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបែកគំនិតយកអាល់កុលបាញ់លាងដៃ សំរាប់ធ្វើអនា​ម័យ យកទៅលាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូច រួចនាំគ្នា​ផឹក ហើយ​បានពុលស្លាប់ និងកំពុងសង្គ្រោះជាច្រើននាក់​។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ ពិតជាមានករណីពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពុល និងស្លាប់ពិតប្រាដកមែន។ ​ពលករ​សរុបចំនួន ២៥នាក់ ក្នុងនោះបានបាត់បង់ជីវិតចំនួន ០៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត សង្រ្គោះបន្ទាន់ចំនួន១៨នាក់។

របាយការណ៍បានបញ្ជាក់ថា៖ ករណីនេះគឺបណ្តាលមកបងប្អូនពលករទាំងនោះ បានយកអាល់ដែលសំរាប់ឲ្យពួកគាត់បាញ់ធ្វើអនាម័យ យកទៅលាយជាមួយតែអូអ៊ិឈិនិងទឹកក្រូច រួចនាំគ្នាទទួលទាន ត្រូវបានពុលស្លាប់នៅកន្លែង និងខ្លះទៀតពុលស្លាប់នៅមន្ទីរពេទ្យ ដែលតាមការសាកសួរពលករថា ពួកគាត់ធ្លាប់លាយបែបនេះផឹកជាប្រចាំ កាលនៅប្រទេសថៃ។

ទាក់ទិននឹងករណីនេះ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល និងជាអ្នកនាំពាក្យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅត្រឹមវេលាម៉ោង០៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ជនរងគ្រោះ ដែលបានពុលមានចំនួន២៥នាក់មានរោគសញ្ញា ក្នុងនោះមទល់ពេលនេះអ្នកពុលបានស្លាប់ដល់ទៅចំនួន០៧នាក់ហើយ។ ចំពោះហេតុការណ៍កើតតាំងពី ថ្ងៃទី១១ ខែវិច្ឆិកា ប្រហែលជាម៉ោង២រសៀលមកម្លេះ ។

លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប។ ក្រោយពីមានករណីពុល ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានធ្វើការយកសំណាកដែលពុលយកទៅវិភាគនៅថ្នាក់ជាតិនៅព្រឹកនេះហើយ ចំពោះលទ្ធយ៉ាងណា នឹងជូនដំណឹងតាមក្រោយបន្តទៀត៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង