ប្រជាពលរដ្ឋ ប្រទះឃើញអាវុធ៣៣ដើម នៅចំណុចចំការមៀន ស្រុកភ្នំព្រឹក..
ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា អាវុធជាង ៣០ដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
ភ្លាមៗ ក្រោយទទួលបានព័ត៌មានខាងលើនេះ ពីប្រជាពលរដ្ឋ សមត្ថកិច្ច ក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ..។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា តាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ សមត្ថកិច្ច បានទៅរកឃើញកាំភ្លើងចំនួន ៣៣ដើម ប្រភេទ AKស្វ័យ ៣០ដើម និងអាវុធ M79 ចំនួន ០៣ដើម រួមទាំងបង់ចំនួន ៤០បង់។
ពេលនេះ សមត្ថកិច្ចនគរបាល ខេត្តបាត់ដំបង បាននាំយកអាវុធទាំងអស់នោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹករួចហើយៗ ពេលនេះ សមត្ថកិច្ចជំនាញ កំពុងតែធ្វើការត្រួតពិនិត្យដើម្បីរកតម្រុយ ក្នុងការស្រាវជ្រាវរកប្រភពអាវុធទាំងនេះ៕