រដ្ឋបាលក្រុងព្រះសីហនុ ចុះណែនាំភោជនីយដ្ឋាន គ្រឿងសមុទ្រ សឹងជី បង្ហូរកាកសំណល់លើផ្លូវថ្មើរជើង

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការអប់រំណែនាំដល់ តំណាងម្ចាស់ ភោជនីយដ្ឋាន គ្រឿងសមុទ្រ សឹងជី មានទីតាំងនៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ ដែលបានបង្ហូរទឹកកខ្វក់ និងកាកសំណល់ផ្ទះបាយ មកលើផ្លូវថ្មើរជើង (កម្រាលថ្មក្រានីត) ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភ័ណភាពក្រុង។

សកម្មភាពខាងលើនេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយ លោក ជួប សីហា ប្រធានការិយាល័យសាធារណៈការ អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង តំណាងឱ្យ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានការចូលរួមពី មន្រ្តីសាធារណៈការ កងវិស្វកម្មលេខ១៧៨ និងអាជ្ញាធរមូលដ្ឋានផងដែរ។

នាឱកាសនោះ លោក ជួប សីហា បានបញ្ជាក់ថា ដោយពិនិត្យជាក់ស្ដែង​ឃើញថាភោជនីយដ្ឋានខាងលើ បានធ្វើប្រព័ន្ធលូខុសបច្ចេកទេស និងគ្មានស្តង់ដារ ទើបធ្វើឲ្យហៀរទឹកស្អុយប្រឡាក់ពាសពេញផ្លូវថ្មើរជើង (កម្រាលថ្មក្រានីត)។ ដូចនេះ យើងក៏បានចុះមកណែនាំម្ចាស់ទីតាំង ដោយត្រូវសម្អាតកម្រាលថ្មក្រានីតឡើងវិញអោយបានស្អាត ហើយតម្រូវឱ្យម្ចាស់ទីតាំងរុះរើអាងបង្ហូរទឹកកខ្វក់ចេញ។

ជាមួយគ្នានោះ ម្ចាស់ទីតាំងត្រូវបិទលូបង្ហូរកាកសំណល់ផ្ទះបាយជាបណ្ដោះអាសន្ន រហូតដល់ម្ចាស់ទីតាំងកែប្រែប្រព័ន្ធលូឲ្យបានត្រឹមត្រូវ ដោយត្រូវសហការជាមួយកងវិស្វកម្ម១៧៨ ក្នុងការធ្វើប្រព័ន្ធលូទៅតាមបច្ចេកទេសស្តង់ដារ។

លោក ជួប សីហា បន្តថា ចំពោះ​ករណីនេះ ប្រសិនបើម្ចាស់ទីតាំងខាងលើ មិនគោរពតាម​ការណែនាំ របស់អាជ្ញាធរទេ គឺក្រុមការងារចម្រុះ រដ្ឋបាលក្រុងព្រះសីហនុ នឹង​​អនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយមិនលើកលែងឲ្យទេ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង