ពលរដ្ឋខេត្តកំពង់ស្ពឺ សំណូមពរសម្តេច ហ៊ុន សែន ជួយឲ្យក្រុមហ៊ុនជីកយកអាចម៍ដីលក់ នាំឲ្យបាក់ដីស្រែពួកគាត់ ចូលក្នុងរណ្តៅដី សងសំណង..
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិគោកព្នៅ ឃុំវល្ល៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអះអាងថា ដីស្រែបង្កបង្កើនផល របស់គាត់ ត្រូវបានក្រុមហ៊ុនធ្វើអាជីវកម្មជីកយកអាចម៍ដីលក់ បានបណ្តាលឲ្យដីស្រែរបស់ពួកគាត់ ដែលនៅក្បែរទីតាំងរណ្តៅដីនោះ បាក់ធ្លាក់ចូលទៅក្នុងរណ្តៅដីក្រុមហ៊ុននោះ ប៉ុន្តែម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដីខាងលើនេះ គេចវេសមិនព្រមរកដំណោះស្រាយជូនពួកគាត់ទេ។ ខណៈ អាជ្ញាធរឃុំ-ស្រុក- មន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺជាដើម ក៏ធ្វើព្រងើយកន្តើយ មិនបានជួយរកដំណោះស្រាយជូនពួកគាត់ទេ។
ស្ត្រីរងគ្រោះម្នាក់ឈ្មោះ ហួរ អាង មានអាយុ ៥៣ឆ្នាំ ស្ថិតក្នុងចំណោមពលរដ្ឋផ្សេងទៀត បានឲ្យដឹងថា ដីស្រែបង្កបង្កើនផលស្រូវ សម្រាប់ចិញ្ចឹមជីវិតជារៀងរាល់ឆ្នាំ របស់ពួកគាត់ ត្រូវបំផ្លាញដោយក្រុមហ៊ុនជីកយកអាចម៍ដីលក់ និងមានរណ្តៅជ្រៅៗ មកបើកធ្វើអាជីវកម្ម នៅក្នុងមូលដ្ឋានជិតដីស្រែ ឬភូមិរស់នៅរបស់ពួកគាត់។ ស្ត្រីរងគ្រោះបន្តថា សព្វថ្ងៃនេះ គាត់ជាស្ត្រីមេម៉ាយ មានកូន ០៣នាក់ ក្នុងបន្ទុក ដែលត្រូវចិញ្ចឹមបីបាច់ ប៉ុន្តែបើដីស្រែ របស់គាត់ ត្រូវបំផ្លាញអស់ដោយក្រុមហ៊ុនធ្វើអាជីវកម្មជីកយកអាចម៍ដី តើគាត់បានដីពីណាមកបង្កបង្កើនផលចិញ្ចឹមកូនតូចៗរបស់គាត់តទៅទៀត។ ខណៈក្រុមហ៊ុននេះ គេចមិនទទួលខុសត្រូវសងសំណងដល់រូបគាត់ទៀតនោះ។
ស្ត្រីរងគ្រោះបន្តថា កន្លងមករូបគាត់ រួមជាមួយអ្នកភូមិច្រើនគ្រួសារទៀត បានដាក់ពាក្យបណ្តឹង ស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់អាជ្ញាធរឃុំវល្ល៍ស ស្រុកសំរោងទង ឲ្យជួយរកដំណោះស្រាយពីការបាត់បងដីស្រែបង្កបង្កើនផល ដោយសារក្រុមហ៊ុនជីករណ្តៅដីជ្រៅៗ ហើយបានបាក់ដីស្រែរបស់គាត់ ចូលទៅក្នុងរណ្តៅដីនោះអស់គ្មានសល់។ ប៉ុន្តែគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរចាប់ពីថ្នាក់ឃុំ ដល់ថ្នាក់ខេត្ត នៅមិនបានជួយរកដំណោះស្រាយជូនពួកគាត់ទេ។ ហើយពេលនេះ ម្ចាស់អាជីវកម្មរណ្ដៅដីខាងលើនេះក៏បានរុះរើការរដ្ឋានធ្វើអាជីវកម្មជីកយកអាចម៍ដី របស់គេ ចេញពីមូលដ្ឋាននេះ ដោយមិនទាន់បានសងសំណងជូនពួកគាត់ឡើយ។
ប្រជាពលរដ្ឋរងគ្រោះផ្សេងទៀត បន្តថា រហូតមកដល់សព្វថ្ងៃនេះ ដីស្រែរបស់ប្រជាពលរដ្ឋពួកគាត់ ដែលនៅសេសសល់ គឺបានបន្តបាក់ធ្លាក់ចូលទៅក្នុងរណ្តៅដី របស់ក្រុមហ៊ុនខាងលើនេះជាបន្តបន្ទាប់។ ហើយរណ្តៅដី របស់ក្រុមហ៊ុននេះ បានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពមនុស្ស និងសត្វពាហនៈថែមទៀតផង។
ឆ្លើយតបបញ្ហានេះ លោក ស៉ឹម រតនៈ អភិបាលស្រុកសំរោងទង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ករណីបាក់ដីស្រែពលរដ្ឋធ្លាក់ចូលរណ្តៅដី របស់ក្រុមហ៊ុនធ្វើអាជីវកម្មជីកយកអាចម៍ដីនៅឃុំវល្ល៍សនេះ រូបលោកនឹងចាត់ ឲ្យអភិបាលរងម្នាក់ ដឹកនាំមន្ត្រីចម្រុះ ចុះត្រួតពិនិត្យ និងឈានទៅសុំគោលការសម្រេចពីថ្នាក់លើជាបន្តទៀត។ ប៉ុន្តែលោកថា កន្លងមក វិវាទនេះ បានស្ថិតក្នុងដៃមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ជាអ្នករកដំណោះស្រាយជូនពលរដ្ឋ ប៉ុន្តែទំនងជាដោយសារបញ្ហាជំងឺកូវីដ-១៩ រាតត្បាត ទើបយឺតយ៉ាវក្នុងការដោះស្រាយ។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋរងគ្រោះ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២១នេះ កង្វល់ពីការបាក់ដីស្រែចូលទៅក្នុងរណ្តៅដី របស់ក្រុមហ៊ុនខាងលើ នៅមិនទាន់មានមន្ត្រីពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះជួយរកដំណោះស្រាយជូនពួកគាត់នៅឡើយទេ។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរងគ្រោះ បានសំណូមពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់ ដែលបានបាត់បង់ដីស្រែ ដោយសារក្រុមហ៊ុនជីករណ្តៅដី មានទីតាំងនៅឃុំវល្ល៍ស ស្រុកសំរោងទង ឲ្យបានឆាប់ និងមានប្រសិទ្ធភាពផងចុះ។ ត្បិតរាល់ថ្ងៃនេះ អាជ្ញាធរចាប់ពីថ្នាក់ឃុំ ស្រុក បន្តរហូតដល់ថ្នាក់ខេត្ត មិនទាន់បានកោះហៅខាងភាគីក្រុមហ៊ុន ដើម្បីផ្តល់សំណងពីការបាត់បង់ដីស្រែ ជូនពលរដ្ឋគាត់ទេ។ ខណៈក្រុមហ៊ុនជីករណ្តៅដីខាងលើ បានរុះរើការដ្ឋានរបស់គេចេញពីទីតាំងធ្វើអាជីវកម្មខាងលើ បាត់អស់ទៅហើយនោះ។
យ៉ាងណាក៏ដោយចុះ គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក ប៉ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ដើម្បីបំភ្លឺជុំវិញកង្វល់ពលរដ្ឋពីការបាក់ដីស្រែ បាក់ធ្លាក់ចូលរណ្តៅដី របស់ក្រុមហ៊ុនធ្វើអាជីវកម្មជីកយកអាចម៍ដីខាងលើ បានទេនៅថ្ងៃទី១៧ ខែវិច្ឆកានេះ។ ខណៈ អភិបាលខេត្តកំពង់ស្ពឺ ក៏មិនទាន់អាចទាក់ទង ដើម្បីស្នើការបំភ្លឺបាននៅឡើយដែរ។
យោងតាមបទដ្ឋានបច្ចេកទេសច្បាប់ បានកំណត់ថា រាល់ការជីករណ្ដៅដី គឺត្រូវជីកឲ្យមានគម្លាត ឬឃ្លាតពីភូមិប្រជាពលរដ្ឋរស់នៅ យ៉ាងតិច ១០០ម៉ែត្រ ហើយត្រូវទុកជើងទេឲ្យត្រឹមត្រូវ ទៅតាមស្ថានភាពជម្រៅ នៃរណ្តៅដីជាក់ស្តែង។ ជាងនេះទៀត ក៏ត្រូវដកឃ្លា ឬឲ្យមានគម្លាតឆ្ងាយពីព្រំដី របស់អ្នកស្រុក ឬអ្នកដទៃ យ៉ាងតិច ០៥ម៉ែត្រ និងត្រូវសង់របងព័ទ្ធជុំវិញ ដើម្បីការពារសុវត្ថិភាពមនុស្ស និងសត្វជាដើម។ ប៉ុន្តែជាក់ស្តែងពលរដ្ឋរងគ្រោះ បានអះអាងថា ម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរណ្តៅដី នៅក្នុងមូលដ្ឋានឃុំវល្ល៍ស ស្រុកសំរោងទង មិនបានអនុវត្តន៍តាមច្បាប់ទេ។ ហើយពេលនេះ ម្ចាស់អាជីវកម្មជីករណ្តៅដីខាងលើ បានគេចមិនរកដំណោះស្រាយជូនពួកគាត់ទៀត៕