បុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសទេសចរ ចូលទៅកម្សាន្តខេត្តកែប មានជាង៧ម៉ឺន៦ពាន់នាក់

ខេត្តកែប៖ មន្ត្រីមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៧ម៉ឺន ៦ពាន់នាក់ (៧៦,៥៣៥)។ ក្នុងនោះ ភ្ញៀវជាតិមានប្រមាណ ៧៥,៨៦៨នាក់ និងភ្ញៀវអន្តរជាតិប្រមាណ ៦៦៧នាក់។

ភ្ញៀវទាំងនោះ បានចូលមកសម្រាកលំហែ និងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកែប ជាពិសេសរមណីយដ្ឋានទេសចរណ៍តំបន់ឆ្នេរកែប តែម្តង។

ចំណែក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ  រយៈពេល ០៣ថ្ងៃកន្លងទៅនេះ ទទួលបានសុខសុវត្ថិភាពល្អ និងពុំមានការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តកែប នោះទេ៕

អត្ថបទដែលជាប់ទាក់ទង