ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រពេទ្យទៅដឹក ភ្ញៀវទេសចរឈឺធ្ងន់ម្នាក់ពីលើកោះរ៉ុង នាំមកកាន់មន្ទីរពេទ្យទាន់ពេល..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងកោះរ៉ុង បានឲ្យដឹងថា មានភ្ញៀវទេសចរមួយរូប មកពីរាជធានីភ្នំពេញ ដែលបានមកកម្សាន្តតាមតំបន់ឆ្នេរ នាក្រុងកោះរ៉ុង បានឈឺសន្លប់ ដោយសារជំងឺប្រចាំកាយ របស់គាត់ ហើយខ្វះមធ្យោបាយ ដើម្បីដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅក្រុងព្រះសីហនុ។ ប៉ុន្តែភ្លាមៗ ក្រោយទទួលបានព័ត៌មាននេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC របស់លោក មួយគ្រឿង ឲ្យចេញទៅទទួលយកអ្នកជំងឺរូបនោះ នាំយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចសង្កាត់កោះរ៉ុង បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលនៅ ០៣ រសៀលថ្ងៃទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចររូបនោះមានឈ្មោះ ជួប លីឆេង ភេទស្រី អាយុ ៤៤ឆ្នាំ គឺជាភ្ញៀវទេសចរមកពី រាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅកម្សាន្ត នៅតាមតំបន់ឆ្នេរ នៅក្រុងកោះរ៉ុង ហើយក៏បានសន្លប់ ដោយសារជំងឺប្រចាំកាយ របស់គាត់ធ្ងន់ធ្ងរ។

បច្ចុប្បន្ន អ្នកជំងឺ ដែលជាភ្ញៀវទេសចររងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយសម្ថកិច្ចមូលដ្ឋានសង្កាត់កោះរ៉ុង បញ្ជូនមកដល់កំពង់ផែ នាក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ នាំទៅដល់មន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដើម្បីសង្គ្រោះរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង