រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់

ខេត្តព្រះសីហនុ៖ មន្ទីរទេចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរមកកម្សាន្ត នៅតាមតំបន់ឆ្នេរ- តាមបណ្តាកោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ សរុបមានចំនួន ១១១.៣២២នាក់ គឺកើនឡើង ១១៧,២៨%។ ក្នុងនោះ ភ្ញៀវជាតិ ១០៥.៣៨៩ បានកើនឡើង ១១៥,៩៥% និងភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង ១៤៣,៩៥%។

ដោយឡែក ចំពោះភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុ មានចំនួន ០២ជើង (ស្មើនឹងឆ្នាំមុន) សរុបមានចំនួន ២៩នាក់ បានថយចុះ ៨៦,៨៣% ជាតិ០៥នាក់ និងអន្តរជាតិសរុប ២៤នាក់។

ចំណែក ភ្ញៀវទេសចរ ចេញទៅកម្សាន្ត នៅតាមបណ្តាកោះនានាមានចំនួន ២.៧៤០នាក់ គឺកើនឡើង ៨៥,៨៨%។ ក្នុងនោះ ភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង១៦៥,៥១% និងភ្ញៀវបរទេស២៨៤នាក់ បានថយចុះ ៤៨,២៦%។

ចំពោះ ភ្ញៀវចេញទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានភ្ញៀវសរុបចំនួន ១០៨.៤៤៧នាក់ គឺកើនឡើង ១២២,៦៤%។ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១០២.៨៣៥នាក់ កើនឡើង ១១៧,៧៥% និងភ្ញៀវបរទេស ៥.៦១២នាក់ បានកើនឡើង ២៧៨,១៦%។

សមត្ថកិច្ច បញ្ជាក់ថា ចំពោះស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់វិញ ប្រព្រឹត្តទៅបានល្អប្រសើរ ហើយភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានចូលរួមអនុវត្តតាមការណែនាំ របស់អាជ្ញាធរខេត្ត បានល្អ និងមានភាពសប្បាយរីករាយ ជាពិសេសបានកោតសរសើរ ចំពោះសមិទ្ធិផល នៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេរ របស់ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង