រយៈពេល៣ថ្ងៃនៃបុណ្យអុំទូក ភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់ នៅទូទាំងប្រទេស..

រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា នាឱកាសថ្ងៃឈប់រយៈពល ០៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៩១០,១៥០នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០,២៨១នាក់។

ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន ១៣២,០១៣នាក់
* ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន ៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥% ធៀបនឹងថ្ងៃទី១
* ថ្ងៃទី៣៖ មានភ្ញៀវសរុបចំនួន ៤៤៥,២៦២នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង  ២៣៧.២៨%។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ០៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ១៩៩,៨៣៥នាក់
* ខេត្តសៀមរាប ១១៨,១៤៦នាក់
* ខេត្តព្រះសីហនុ ១១១,៣២២នាក់
* ខេត្តកំពត ៨៣,៤៦៦នាក់
* ខេត្តកែប ៧៥,៨៦៥នាក់
* ខេត្តពោធិ៍សាត់ ៥៣,៨០៧នាក់
* ខេត្តបាត់ដំបង ៣៨,៦៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៧,៤៦៥នាក់
* ខេត្តមណ្ឌលគិរី ៣២,៩៥៧នាក់
* ខេត្តកណ្តាល ២៧,២៨០នាក់
* ខេត្តរតនគិរី ២៤,៥៩៦នាក់

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល ០៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខាងលើមានការកើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នានាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦.៩២%។

ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការៀបចំជាក្ចុស (ដូចជាតាមបណ្តោយមាត់ទន្លេ នៅព្រែកលាប បាក់ខែងជាដើម)។

លោកបន្តថា ចរន្តភ្ញៀវដ៏ច្រើនក្នុងរយៈពេល ០៣ថ្ងៃនេះ គឺបានមកពីការអនុញ្ញាត របស់រាជរដ្ឋាភិបាលក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញ នូវគោលដៅដែលមានការរៀបចំបានល្អក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុ ដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពបានស្រស់បំព្រងទាក់ទាញបានមកវិញ នូវកំណើនភ្ញៀវទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មីជាដើម..៕

អត្ថបទដែលជាប់ទាក់ទង