លោក សៅ សុខា៖ ចាប់ខ្លួនមន្រ្តីយោធា៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មន្ដ្រីយោធាចំនួន ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក សៅ សុខា បញ្ជាក់បន្ថែមថា មន្ដ្រីយោធាទាំង ៣នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ដ្រីយោធា ០២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួន នៅលង្វែក (កំពង់ឆ្នាំង)។

មន្ត្រីយោធាទាំង ០៣នាក់ ដែលបានចាប់ខ្លួនរួមមាន៖
១- ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។

២- មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង

៣- ជាមន្ត្រីយោធាធម្មតា។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ បានបញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីបន្តនីតិវិធីតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន ៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន ៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះ ជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕

អត្ថបទដែលជាប់ទាក់ទង