លោក ហ៊ុន ម៉ានី៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ មានឥទ្ធិពលផ្សារភ្ជាប់ អ្នកដឹកនាំវ័យក្មេង នៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីរួមគ្នាដោះស្រាយវិបត្តិនានា..

រាជធានីភ្នំពេញ៖ កម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកិច្ចប្រជុំនេះ មានឥទ្ធិពលផ្សារភ្ជាប់ អ្នកដឹកនាំវ័យក្មេង នៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិនានា…។

នៅក្នុងកិច្ចប្រជុំតាមបណ្តាញសង្គម នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំមានឱកាសបាន ចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ “ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩” ដែលជាវេទិកាអម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។

កិច្ចប្រជុំ ដែលចាប់ផ្តើមនារសៀលនេះ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ លើសាមគ្គីភាព របស់យុវជនក្នុងតំបន់ និងបណ្តាយុវជនលើសកលលោក ហើយក៏ជាវេទិកាដ៏មានឥទ្ធិពលមួយ ដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេង នៃតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិនានា ដែលបាន និងកំពុងកើតឡើង ជាពិសេស រួមគ្នាដោះស្រាយបញ្ហានានា ក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ-១៩”។

លោក ហ៊ុន ម៉ានី ឲ្យដឹងដូច្នេះ រួចបន្ត “ខ្ញុំសង្ឃឹមថា អ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់ នឹងយកពុទ្ធិ ចំណេះដឹង បទពិសោធន៍ ដែលបានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ចេញពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ រួមជាមួយអនុស្សាវីយ៍ល្អៗ នៃកម្មវិធីចម្រុះកាលពី១០ខែមុន ដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួន ប្រកបដោយក្តីមោទនៈ ហើយបន្តរឹតចំណងសាមគ្គីភាព រវាងជាតិ និងប្រជាជននៃតំបន់ទាំងពីរឲ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។

ខ្ញុំសូមឆ្លៀតឱកាសនេះអបអរសាទរកម្ពុជា ជាពិសេសក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងភាពជាម្ចាស់ផ្ទះ រួមជាមួយការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ក្នុងដឹកនាំកម្មវិធីអន្តរជាតិមួយនេះបានដោយរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈបំផុត”៕

អត្ថបទដែលជាប់ទាក់ទង