នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​៤នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២៣ និង៣០នាទី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជិះល្បាតតាមដងផ្លូវ ដល់ចំណុចផ្លូវក្រោយសាលាក្តីសង្ឃឹម ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ក្រហម ស្លាកលេខៈកំពង់ចាម 1A-0754 កំពុងធ្វើសកម្មភាព យកខ្សែភ្លើងកាត់ជាកំណាត់ជាច្រើនដើម ចេញពីអាគារមួយទុកចោល។ ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់ នៅនឹងកន្លែងតែម្តង។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ៖ ម៉ាន់ បូរី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ សេង សំណាង ហៅ កន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ​ និងឈ្មោះ សេង សុភក្រ្ត ហៅ ក្តាម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ចំណែក ជនរងគ្រោះមានឈ្មោះ SHI LANG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ខ្សែរភ្លើងកំណត់ខ្លីៗ ចំនួន ៧៣ដើម(ផលនៃអំពើលួច), កន្ត្រៃកាត់ដែក០២, សោរសំរាប់ដោះខ្ចៅចំនួន ០២ដើម, ម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ក្រហម ស្លាកលេខៈ កំពង់ចាម 1A-0754 (មធ្យោបាយជិះធ្វើសកម្មភាព) ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យ ខាងលើរួចមក ក៏ឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ទៀតដែលទទួលទិញផលចោរកម្ម ឈ្មោះ ផាន់ ស៊ឹម ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ ថៅកែ​ទិញ-លក់អេតចាយ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង